កំពង់ធំ៖ អគ្គស្នងការនគរបាលជាតិក្រើនរំលឹកដល់មន្ត្រីនគរបាលទាំងអស់ ត្រូវអនុវត្តតួនាទី ភារកិច្ច និងគោរពវិន័យរបស់កងកម្លាំងជាដាច់ខាត ព្រោះនគរបាលគ្រប់រូបជាកម្លាំងស្នូលមួយ ក្នុងការជួយ ថែរក្សាសុខសុវត្ថិភាពក្នុងសង្គម ព្រមទាំងជួយកាត់បន្ថយសេចក្តីព្រួយបារម្ភរបស់ប្រជាពលរដ្ឋទូទៅ។
ថ្លែងក្នុងពិធីប្រកាសចូលកាន់មុខតំណែងលោក ម៉ែន លី ជាស្នងការនគរបាលខេត្តកំពង់ធំ នៅថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២០ ឯកឧត្តមនាយឧត្តមសេនីយ៍សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ ក្រើនរំលឹកដល់មន្ត្រីនគរបាលទាំងអស់ត្រូវតែអនុវត្តតួនាទីភារកិច្ចរបស់ ខ្លួនជាដាច់ខាត ដើម្បីថែរក្សាសុខសុវត្ថិភាព និងនាំមកនូវភាពជោគជ័យសម្រាប់អង្គទាំងមូល។ ឯកឧត្ដមនាយឧត្តមសេនីយ៍សន្ដិបណ្ឌិត បន្តថា ការអនុវត្តបានល្អប្រសើរនូវតួនាទីភារកិច្ចទាំងអស់ នេះ នឹងធ្វើឲ្យមន្ត្រីទាំងអស់នៅក្នុងអង្គភាពអគ្គស្នងការនគរបាលជាតិគ្រប់លំដាប់ថ្នាក់ លុបបំបាត់ ចោលវប្បធម៌ “ក្ដិចត្រួយ” ក្នុងការប្រកួតប្រជែកលើមុខដំណែង និងឋានន្តរស័ក្តិ ខុសពីសីលធម៌វិជ្ជាជីវៈ ព្រមទាំងវិន័យរបស់អង្គភាពផង។ ឋានន្តរស័ក្តិ តួនាទី និងមុខតំណែងដែលត្រូវបានថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ ប្រគល់ជូនគឺជាតម្លៃមិនអាចកាត់ថ្លៃបាន ដែលស្តែងចេញតាមរយៈការប្រឹងប្រែងបំពេញការងារ ប្រកបដោយទំនួលខុសត្រូវ! ឈរលើផលប្រយោជន៍រួមរបស់ប្រទេសជាតិ ប្រជាពលរដ្ឋ រួមជាមួយអង្គភាពសាមីផងដែរ។
ឯកឧត្តមបន្ថែមថា កង្វល់បច្ចុប្បន្ន ដែលត្រូវឲ្យមន្ត្រីនគរបាលគ្រប់រាជធានីខេត្តត្រូវអនុវត្តបន្ទាន់ ដូចភ្លៀង រលឹមនោះ គឺ ១.ការបង្ក្រាបគ្រឿងញៀនឲ្យដល់ឫសគល់ (មេក្លោងជួញដូរ), ២.ការអនុវត្តន៍ឲ្យបាន ម៉ឺងមាត់ដោយមិនមានការលើកលែង បក្សពួក និងឋានៈក្នុងសង្គម និង៣. អំពើហិង្សាដែលតែងតែកើតឡើងលើបងប្អូនប្រជាពលរដ្ឋ។
ហើយកង្វល់ទាំងបីនេះត្រូវចាត់ទុកថា ជាកង្វល់យើងទាំងអស់គ្នា មិនត្រូវដាក់បន្ទុកតែលើកងកម្លាំង មន្ត្រីរាជការ ឬប្រជាពលរដ្ឋណាម្នាក់ ឡើយ! ប៉ុន្តែត្រូវរួមគ្នាដោះស្រាយ រួមគ្នាធ្វើទាំងអស់គ្នាដើម្បីកម្ពុជាទាំងមូលមានភាពសុខសាន្ត និងរីកចម្រើន។ ឯកឧត្ដមសង្កាត់ធ្ងន់ថា បញ្ហាចំពោះមុខគណៈបញ្ជាការឯកភាពខេត្ត ត្រូវមានវិធានការជាគោលទប់ស្កាត់របស់ឧបាយកលពួកអមិត្ត ដែលមានបំណងបំផ្លាញសន្តិសុខជាតិ បំផ្លាញសេចក្តីសុខសាន្តរបស់ប្រជាពលរដ្ឋផងដែរ៕


