ក្រុមប្រដាប់អាវុធលីបង់ហេសបូឡា បានតែងតាំងលោក ណាអ៊ីម កាស្សេម(Naim Qassem) ជាមេដឹកនាំថ្មីរបស់ខ្លួន កាលពីថ្ងៃអង្គារ ទី២៩ ខែតុលា ប៉ុន្តែអ៊ីស្រាអែល បាននិយាយថា ការកាន់តំណែងរបស់លោកនឹង «បណ្តោះអាសន្ន» ជាការគំរាមកំហែងជាក់ស្តែង បន្ទាប់ពីអ៊ីស្រាអែល បានសម្លាប់អ្នកបន្តតំណែងមុន លោក Hassan Nasrallah ក្នុងទីក្រុងបេរូត កាលពីជាងមួយខែកន្លងទៅនេះ។

រដ្ឋមន្ត្រីការពារជាតិអ៊ីស្រាអែល លោក យ៉ូ អាវ ហ្គាលែន(Yoav Gallant) បានបង្ហោះនៅលើបណ្តាញ X ជាមួយនឹងរូបថត លោក កាស្សេម(Qassem) ថា «ការតែងតាំងបណ្តោះអាសន្ននេះ នឹងមិនយូរឡើយ។
កាលពីពេលមុននេះ ក្រុមហេសបូឡាគាំទ្រដោយអ៊ីរ៉ង់ បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា ក្រុមប្រឹក្សា Shura របស់ខ្លួនបានជ្រើសរើស លោក Qassem អាយុ៧១ឆ្នាំ ស្របតាមយន្តការដែលបានបង្កើតឡើងរបស់ខ្លួន សម្រាប់ការជ្រើសរើសអគ្គលេខាធិការ។
លោក Qassem ត្រូវបានតែងតាំងជាអនុប្រធានក្រុមហេសបូឡាក្នុងឆ្នាំ១៩៩១ ដោយអគ្គលេខាធិការក្រុមប្រដាប់អាវុធ លោក Abbas al-Musawi ដែលត្រូវបានសម្លាប់ក្នុងការវាយប្រហាររបស់អ៊ីស្រាអែល។
លោក Qassem នៅតែស្ថិតក្នុងតួនាទីរបស់លោក នៅពេលដែល លោក Nasrallah ក្លាយជាមេដឹកនាំ ហើយជាអ្នកនាំពាក្យឈានមុខរបស់ក្រុមហេសបូឡា ដោយបានផ្តល់បទសម្ភាសន៍ជាមួយប្រព័ន្ធផ្សព្វផ្សាយបរទេស រួមទាំងការបង្កអរិភាពឆ្លងព្រំដែនជាមួយអ៊ីស្រាអែល ដែលបានផ្ទុះឡើងកាលពីឆ្នាំមុន។
