ក្រុមអ្នកជួយសង្គ្រោះ បានគាស់កាយគំនរបាក់បែកនៃសណ្ឋាគារដែលបានបាក់រលំនៅក្នុងប្រទេសអាហ្សង់ទីន កាលពីថ្ងៃអង្គារ ដើម្បីស្វែងរកអ្នកនៅរស់រានមានជីវិត ខណៈមនុស្សម្នាក់បានស្លាប់ និងច្រើននាក់ជាប់ក្នុងគំនរបាក់បែក។

អាជ្ញាធរនិយាយថា ស្ត្រីអាយុ៨០ឆ្នាំម្នាក់ ត្រូវបានជួយសង្គ្រោះ ហើយសាកសពបុរសចំណាស់ម្នាក់ត្រូវបានរកឃើញនៅសណ្ឋាគារ ក្នុងទីក្រុងឆ្នេរ Villa Gesell ប្រទេសអាហ្សង់ទីន។
ទិដ្ឋភាពយានដ្រូន ដែលថតដោយសារព័ត៌មាន Reuters បានបង្ហាញក្រុមអ្នកពន្លត់អគ្គីភ័យ ក្រុមសង្គ្រោះបន្ទាន់ នគរបាល និងសត្វសុនខហិតក្លិន ត្រូវបានដាក់ពង្រាយទៅកាន់កន្លែងបាក់បែក។
មូលហេតុនៃការបាក់រលំសណ្ឋាគារនេះ នៅពុំទាន់ត្រូវបានបង្ហាញឱ្យដឹងនៅឡើយ។ មន្ត្រី បានរាយការណ៍ថា មនុស្សបួននាក់ដែលជាប់ពាក់ព័ន្ធនឹងសំណង់នៅការដ្ឋាន ត្រូវបានចាប់ខ្លួន។

មានមនុស្សចន្លោះពី៧ ទៅ៩នាក់ រួមមានកម្មករការដ្ឋានសំណង់ ត្រូវបានគេជឿថាស្ថិតនៅខាងក្នុង សណ្ឋាគារនៅពេលនោះ ហើយតាមការចោទប្រកាន់ថា សំណង់នេះបានដំណើរការដោយគ្មានការអនុញ្ញាតពីសាលាក្រុង។
អាជ្ញាធរ បានរាយការណ៍ថា សាលាក្រុងបានផ្អាកការងារនៅការដ្ឋានសំណង់នេះ កាលពីខែសីហា កន្លងទៅនេះ។