ឯកឧត្តមបណ្ឌិត គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិកម្ពុជា នៃរាជបណ្ឌិត្យសភាកម្ពុជាបានមើលឃើញថា រយៈពេល២០ព្រះវស្សានៃការឡើងគ្រងព្រះបរមសិរីរាជសម្បត្តិរបស់ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ទ្រង់បានបំពេញនូវព្រះរាជតួនាទីយ៉ាងល្អបំផុត។

ឯកឧត្តមថា ក្នុងរយៈពេល២០ឆ្នាំ នៃការយាងឡើងគ្រងព្រះបរមសិរីរាជសម្បត្តិរបស់ព្រះអង្គគឺព្រះអង្គបានបំពេញនូវព្រះរាជតួនាទីទាំងកិច្ចការជាតិ និងទំនាក់ទំនងអន្តរជាតិ ជាពិសេស បាននាំមកនូវការធានានិរន្តរភាពជាតិនិងអព្យាក្រិតភាពយ៉ាងខ្ជាប់ខ្ជួន។
ឯកឧត្តមបានបន្តថា ការដែលក្រុមប្រឹក្សារាជសម្បត្តិទាំង៩អង្គនាក់ឯកភាពជាឯកច្ឆ័ន្ទជ្រើសរើសព្រះអង្គឡើងគ្រងព្រះបរមសិរីរាជសម្បត្តិបន្តពីព្រះបិតារបស់ព្រះអង្គពិតជាសាកសមណាស់ ជាពិសេសដើម្បីធានានិរន្តរភាពជាតិ ដែលមានព្រះប្រមុខរដ្ឋមិនដាច់ សម្រាប់ព្រះរាជាណាចក្រកម្ពុជាទី២យើងនេះ។

ក្នុងឱកាសខួប២០ព្រះវស្សានៃការយាងឡើងគ្រងព្រះបរមសិរីរាជសម្បត្តិរបស់ព្រះអង្គ ថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ និងប្រជានុរាស្ត្រមានសេចក្តីសោមនស្សរីករាយឥតឧបមាសូមបួងសួងដល់ព្រះវិញ្ញាណក្ខន្ធ អតីតព្រះមហាក្សត្រ ព្រះមហាក្សត្រីយានី ជាពិសេសដួងព្រះវិញ្ញាណក្ខន្ធ ព្រះមហាវីរក្សត្រ ព្រះបរមរតនកោដ្ឋជាទីសក្ការៈ សូមព្រះអង្គតាមជួយបីបាច់ថែរក្សា អភិបាលប្រោះព្រំនូវព្រះរាជសព្វសាធុការពរជ័យ ថ្វាយព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា សូមព្រះអង្គព្រះប្រកបដោយព្រះពុទ្ធពរ៤ ប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕ អត្ថបទ៖ មុត សុទ្ធ










