សហភាពអឺរ៉ុប បានសម្រេចដំឡើងពន្ធលើរថយន្តអគ្គិសនី (EV) ដែលផលិតដោយប្រទេសចិន ដល់ទៅ ៤៥,៣% នៅចុងបញ្ចប់នៃការស៊ើបអង្កេតពាណិជ្ជកម្មកម្រិតខ្ពស់បំផុតរបស់ខ្លួន ដែលបានបង្កការខ្វែងគំនិតនៅអឺរ៉ុប និងជំរុញឱ្យមានការសងសឹកពីទីក្រុងប៉េកាំង។

ត្រឹមតែជាងមួយឆ្នាំបន្ទាប់ពីចាប់ផ្តើមការស៊ើបអង្កេតប្រឆាំងនឹងការឧបត្ថម្ភធនរបស់ខ្លួន គណៈកម្មការអឺរ៉ុប នឹងដាក់ពន្ធបន្ថែមលើក្រុមហ៊ុននានារាប់ចាប់ពី ៧,៨% លើក្រុមហ៊ុន តេស្លា (Tesla) រហូតដល់ ៣៥,៣% លើក្រុមហ៊ុន SAIC របស់ចិន បន្ថែមពីលើពន្ធនាំចូលរថយន្តស្តង់ដារ ១០% របស់សហភាពអឺរ៉ុប។

ពន្ធបន្ថែមនេះត្រូវបានអនុម័តជាផ្លូវការ និងបានចេញផ្សាយនៅក្នុងទិនានុប្បវត្តិផ្លូវការរបស់សហភាពអឺរ៉ុបកាលពីថ្ងៃអង្គារ (២៩ តុលា) ដែលមានន័យថានឹងចូលជាធរមាននៅថ្ងៃពុធ (៣០ តុលា) នេះ។ ក្រសួងពាណិជ្ជកម្មចិន ឆ្លើយតបយ៉ាងខឹងសម្បារនៅថ្ងៃពុធនេះក្នុងសេចក្តីថ្លែងការណ៍មួយថា “ប្រទេសចិន មិនយល់ព្រមជាមួយ ឬទទួលយកសេចក្តីសម្រេចនេះទេ" ដោយគឬរាមចាត់វិធានការសងសឹកបន្ថែម។

គណៈកម្មការ ដែលត្រួតពិនិត្យគោលនយោបាយពាណិជ្ជកម្មរបស់សហភាពអឺរ៉ុប និយាយថា ពន្ធគយនោះជាតម្រូវការចាំបាច់ដើម្បីប្រឆាំងនឹងអ្វីដែលខ្លួននិយាយថាជាការឧបត្ថម្ភធនដ៏អយុត្តិធម៌ រួមទាំងការផ្តល់ហិរញ្ញប្បទានអនុគ្រោះ និងជំនួយ ក៏ដូចជាទីតាំង ថ្មអាគុយ និងវត្ថុធាតុដើមក្នុងតម្លៃក្រោមទីផ្សារសម្រាប់ការភលិតរថយន្តអគ្គិសនីរបស់ចិន។
គណៈកម្មការនេះនិយាយថា សមត្ថភាពផលិតរថយន្តបម្រុងរបស់ចិន មានចំនួន ៣លានគ្រឿងក្នុងមួយឆ្នាំ ដែលជាទំហំធំជាងទីផ្សារសហភាពអឺរ៉ុបដល់ទៅពីរដង។ ដោយហេតុផលថា អាមេរិក និងកាណាដាបានពន្ធ ១០០% រួចទៅហើយ ច្រកចេញជាក់ស្តែងបំផុតសម្រាប់រថយន្តអគ្គិសនីទាំងនោះគឺទីផ្សារអឺរ៉ុប៕