ការិយាល័យរបស់ប្រធានាធិបតីកូរ៉េខាងត្បូង នៅថ្ងៃពុធ (ទី៣០ ខែតុលា) នេះ បានប្រាប់ឲ្យដឹងថា លោក Yoon Suk Yeol និងនាយករដ្ឋមន្ត្រីកាណាដា លោក Justin Trudeau បាននិយាយថា ការដាក់ពង្រាយកងទ័ពកូរ៉េខាងជើង នៅក្នុងជម្លោះអ៊ុយក្រែន ទំនងជានឹងធ្វើឲ្យសង្រ្គាមដែលបង្កឡើងដោយរុស្ស៊ីកាន់តែរីកធំឡើងៗ។

បើយោងតាមការិយាល័យរបស់លោក Yoon បានឲ្យដឹងទៀតថា លោក Trudeau បាននិយាយថា សង្រ្គាមនេះនឹងធ្វើឲ្យមានផលប៉ះពាល់កាន់តែធ្ងន់ធ្ងរទៅលើបរិយាកាសសន្តិសុខរបស់អឺរ៉ុប និងឥណ្ឌូ-ប៉ាស៊ីហ្វិក ដោយលោកបានស្នើឲ្យមានកិច្ចសហប្រតិបត្តិការកាន់តែជិតស្និទ្ធ រវាងប្រទេសទាំង២ ជុំវិញស្ថានភាពដែលកំពុងកើតមានឡើងនាពេលបច្ចុប្បន្ន។

សហរដ្ឋអាមេរិកបានបញ្ជាក់កាលពីថ្ងៃអង្គារថា ទាហានកូរ៉េខាងជើងមួយចំនួន កំពុងស្ថិតនៅក្នុងតំបន់ Kursk ជាតំបន់ព្រំដែនរុស្ស៊ី ដែលកងកម្លាំងអ៊ុយក្រែន បានចាប់ផ្តើមការលុកលុយដ៏ធំ កាលខែសីហា និងកាន់កាប់ដែនដីរាប់រយគីឡូម៉ែត្រការ៉េ។ ហើយមន្ទីរបញ្ចកោណបានប្រាប់ថា ចំនួនពីរ ឬបីពាន់នាក់ទៀតកំពុងធ្វើដំណើរឆ្ពោះទៅទីនោះ។
ចំណែកមន្ត្រីកូរ៉េខាងត្បូង បានប្រាប់ឲ្យដឹងថា ទាហានកូរ៉េខាងជើងមួយចំនួនអាចត្រូវបានចល័តទៅកាន់តំបន់សមរភូមិជួរមុខ ហើយបានសម្តែងការព្រួយបារម្ភ អំពីអ្វីដែលរុស្ស៊ី អាចនឹងផ្តល់ឲ្យទីក្រុងព្យុងយ៉ាងជាថ្នូរត្រឡប់ទៅវិញ៕