អគ្គលេខាធិការអង្គការសហប្រជាជាតិ (UN) លោក Antonio Guterres បានផ្ញើលិខិតមួយច្បាប់ កាលពីថ្ងៃអង្គារ (ទី២៩ ខែតុលា) ទៅកាន់នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu ដោយតវ៉ាចំពោះច្បាប់ថ្មី ដែលអាចរារាំងដល់ប្រតិបត្តិការរបស់ទីភ្នាក់ងារអង្គការសហប្រជាជាតិទទួលបន្ទុកជួយជនភៀសខ្លួនប៉ាឡេស្ទីន (UNRWA)។

គួរបញ្ជាក់ថា បទប្បញ្ញត្តិដែលត្រូវបានអនុម័តដោយសភាអ៊ីស្រាអែល បានហាមឃាត់ទីភ្នាក់ងារអង្គការសហប្រជាជាតិមិនឲ្យមានប្រតិបត្តិការ នៅអ៊ីស្រាអែល និងតំបន់កាន់កាប់ គឺទីក្រុងហ្សេរុយសាឡឹមខាងកើត ហើយរារាំងទីភ្នាក់ងារនេះមិនឲ្យមានទំនាក់ទំនង និងសម្របសម្រួលជាមួយអាជ្ញាធរអ៊ីស្រាអែល ដែលអាចបញ្ចប់ការងាររបស់ខ្លួន នៅតំបន់ហ្កាហ្សា និងតំបន់កាន់កាប់វេសបែង។
អ៊ីស្រាអែលមានជម្លោះជាមួយ UNRWA ជាយូរមកហើយ ហើយបានចោទប្រកាន់ថា បុគ្គលិករបស់ទីភា្នក់ងារនេះមួយចំនួនបានជាប់ពាក់ព័ន្ធក្នុងការវាយប្រហាររបស់ពួកហាម៉ាស កាលពីថ្ងៃទី៧ ខែតុលា ដែលបង្កឲ្យមានសង្រ្គាមនៅហ្កាហ្សារហូតដល់សព្វថ្ងៃនេះ។ ការហាមប្រាមនេះគ្រោងនឹងចាប់ផ្តើម ក្នុងរយៈពេល ៣ខែ។
នៅក្នុងលិខិតដែលត្រូវបានឃើញដោយសារព័ត៌មាន AFP លោក Guterres បានរៀបរាប់ថា ច្បាប់នេះអាចមាន «ផលវិបាកធ្ងន់ធ្ងរ» ដល់ប្រជាជនប៉ាឡេស្ទីន នៅតំបន់ហ្កាហ្សា និងវេសបែង ពីព្រោះមិនមានជម្រើសផ្សេងដែលសមហេតុផល ដើម្បីឲ្យ UNRWA ផ្តល់ជំនួយ និងជួយដល់ប្រជាជនដែលត្រូវការទាំងនេះ។
លោក Guterres បានសរសេរថា៖ «ខ្ញុំសូមអំពាវនាវដល់អ្នក និងរដ្ឋាភិបាលអ៊ីស្រាអែល ឲ្យជួយទប់ស្កាត់ផលវិបាកដ៏អាក្រក់បែបនេះ និងអនុញ្ញាតឲ្យ UNRWA បន្តធ្វើសកម្មភាពរបស់ខ្លួន នៅក្នុងដែនដីកាន់កាប់ប៉ាឡេស្ទីន ក្នុងនោះរួមទាំងទីក្រុងហ្សេរុយសាឡឹមខាងកើត ស្របតាមកាតព្វកិច្ចរបស់ទីភ្នាក់ងារនេះ ក្រោមច្បាប់អន្តរជាតិ»៕