ក្រុមហាម៉ាស បានបង្ហាញពីការបើកចំហរបស់ខ្លួន ចំពោះកិច្ចព្រមព្រៀង ឬគំនិតណាមួយ សម្រាប់ការបង្កើតបទឈប់បាញ់អចិន្ត្រៃយ៍ នៅតំបន់ហ្កាហ្សាស្ទ្រីប។

លោក Sami Abu Zuhri មន្ត្រីជាន់ខ្ពស់ក្រុមហាម៉ាស បាននិយាយនៅតាមទូរទស្សន៍ថា ចំណាត់ការបើកចំហចំពោះកិច្ចព្រមព្រៀង ឬគំនិតណាមួយ នឹងនាំទៅរកការបញ្ចប់ទុក្ខលំបាករបស់ប្រជាជននៅតំបន់ហ្កាហ្សា និងបង្កើតបទឈប់បាញ់ជាអចិន្ត្រៃយ៍។
លោក Abu Zuhri បាននិយាយបន្ថែមថា កិច្ចព្រមព្រៀង ឬគំនិត នឹងរួមបញ្ចូលការដកកងទ័ពអ៊ីស្រាអែល ចេញពីតំបន់ហ្កាហ្សាទាំងមូល ដកចេញការបិទផ្លូវ ហើយផ្តល់ជំនួយសង្គ្រោះ និងទីជម្រកសម្រាប់ប្រជាជន ព្រមទាំងការកសាងតំបន់ឡើងវិញ និងកិច្ចព្រមព្រៀងដោះដូរឈ្លើយសឹកផងដែរ។

លោកនិយាយថា ចំណាត់ការ បានឆ្លើយតបទៅនឹងសំណើរបស់ក្រុមអ្នកសម្របសម្រួលដើម្បីពិភាក្សាលើសំណើថ្មី ទាក់ទងនឹងបទឈប់បាញ់ និងការដោះដូរអ្នកទោស។ មន្ត្រីក្រុមហាម៉ាស និយាយថា ក្រុមរបស់លោក បានបើកកិច្ចប្រជុំមួយចំនួនរួចហើយលើប្រធានបទនេះ ហើយកិច្ចប្រជុំបន្ថែម នឹងធ្វើជាបន្តបន្ទាប់ទៀត។
កាលពីថ្ងៃអាទិត្យកន្លងទៅនេះ ប្រធានាធិបតីអេហ្ស៊ីប លោក Abdel-Fattah al-Sisi បានប្រកាសសំណើសុំបទឈប់បាញ់រយៈពេលពីរថ្ងៃនៅហ្កាហ្សា ដើម្បីដោះដូរចំណាប់ខ្មាំងអ៊ីស្រាអែល ៤ នាក់សម្រាប់អ្នកទោសប៉ាឡេស្ទីន ជាមួយនឹងផែនការសម្រាប់ការចរចា ក្នុងរយៈពេលដប់ថ្ងៃ ដើម្បីធ្វើការឆ្ពោះទៅរកបទឈប់បាញ់ជាអចិន្ត្រៃយ៍។