ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានរាយការណ៍ថា រដ្ឋមន្ត្រីការបរទេសប្រេស៊ីល លោក Mauro Vieira កាលពីថ្ងៃអង្គារ បានអំពាវនាវឱ្យសហរដ្ឋអាមេរិក លុបចោលបម្រាមពាណិជ្ជកម្មដែលបានធ្វើឱ្យសេដ្ឋកិច្ចរបស់ប្រទេសគុយបា ជាប់គាំង អស់រយៈពេលជាច្រើនទសវត្សរ៍មកនេះ។

លោក Vieira ត្រូវបានគេដកស្រង់សម្តីខណៈបាននិយាយនៅឯទីស្នាក់ការអង្គការសហប្រជាជាតិ ក្នុងទីក្រុងញូវយ៉កថា «វាជាភស្តុតាង ថាការដាក់ទណ្ឌកម្មធ្ងន់ធ្ងរ ដែលបានដាក់លើប្រទេសគុយបា ទាំងបម្រាមពាណិជ្ជកម្ម និងការដាក់បញ្ចូលទៅក្នុងបញ្ជីអ្នកឧបត្ថម្ភរដ្ឋភេរវកម្ម បានរួមចំណែកកាន់តែធ្វើឲ្យស្ថានភាពរបស់ប្រទេសនេះ ធ្លាក់ចុះធ្ងន់ធ្ងរ»។

លោក Vieira ក៏បាននិយាយសំដៅទៅលើព្យុះ ដែលបានសម្លាប់មនុស្សយ៉ាងហោចណាស់៧ នាក់នៅក្នុងប្រទេសគុយបា និងការដាច់ចរន្តអគ្គិសនីជាបន្តបន្ទាប់ ថា «បញ្ហាទាំងនេះ បានដាក់ទណ្ឌកម្មដោយអយុត្តិធម៌រួចទៅហើយដល់ប្រជាជនគុយបា ដែលបច្ចុប្បន្ន បានរារាំងដល់ការឆ្លើយតបចំពោះវិបត្តិមនុស្សធម៌ បង្កើតឡើងដោយព្យុះសង្ឃរា Oscar។
ទីក្រុងឡាហាវ៉ាន បាននិយាយសំដៅទៅលើបម្រាមពាណិជ្ជកម្មរបស់សហរដ្ឋអាមេរិក ដែលបានដាក់ក្នុងឆ្នាំ១៩៦១ ថាជាការបិទផ្លូវ ព្រោះវាបានរារាំងយ៉ាងមានប្រសិទ្ធភាព ដល់ប្រទេសភាគច្រើន មិនឱ្យធ្វើពាណិជ្ជកម្មជាមួយប្រទេសកោះមួយនេះ ដោយការដាក់ទណ្ឌកម្មលើប្រតិបត្តិការជាច្រើន។