ប្រទេសកូឡុំប៊ី រួមជាមួយប្រទេសចំនួន២០ ផ្សេងទៀត កាលពីថ្ងៃអង្គារ (២៩ តុលា) បានចាប់ផ្តើមក្រុមចម្រុះមួយនៅក្នុងកិច្ចពិភាក្សាស្តីពីជីវចម្រុះរបស់អង្គការសហប្រជាជាតិ COP16 ដែលកំពុងស្វះស្វែងបង្កើត "សន្តិភាពជាមួយធម្មជាតិ" ខណៈបណ្ដាមេដឹកនាំបានព្រមានថា ការបំផ្លិចបំផ្លាញយ៉ាងឆាប់រហ័សនៃបរិស្ថានធម្មជាតិ មានគ្រោះថ្នាក់ដល់ការផុតពូជរបស់មនុស្សជាតិ។

កិច្ចប្រជុំកំពូលនៃប្រទេសជិត២០០ ដែលកំពុងដំណើរការនៅទីក្រុងកាលី (Cali) មានភារកិច្ចស្វែងរកវិធីទប់ស្កាត់ការធ្លាក់ចុះនៃធម្មជាតិនៅឆ្នាំ២០៣០ ដោយសារមនុស្សជាតិកំពុងជំរុញឱ្យបាត់បង់ទីជម្រក បម្រែបម្រួលអាកាសធាតុ ការបំពុល និងសកម្មភាពផ្សេងទៀត ដែលបំផ្លាញជីវចម្រុះ។

ក្រុមចម្រុះនេះរួមមានបណ្ដាប្រទេសមកពីទ្វីបចំនួនបួន ដូចម៉ិកស៊ិក ស៊ុយអែត អ៊ូហ្គង់ដា និងឈីលី ប៉ុន្តែមិនមានប្រទេសមកពីអាស៊ីប៉ាស៊ីហ្វិកឡើយ។ សម្ព័ន្ធគឺបើកចំហសម្រាប់ប្រទេសដែលយល់ព្រមលើគោលការណ៍ដែលមានបំណងផ្លាស់ប្តូរទំនាក់ទំនងរបស់មនុស្សជាតិជាមួយធម្មជាតិ ដើម្បីរស់នៅដោយសុខដុមជាមួយបរិស្ថាន។
នោះរាប់បញ្ចូលទាំងការប្រមូលថវិកាឆ្ពោះទៅការអភិរក្ស និងការអភិវឌ្ឍន៍ប្រកបដោយចីរភាព កិច្ចសហប្រតិបត្តិការអន្តរជាតិ និងការប្ដេជ្ញាចិត្តរបស់សង្គមឆ្ពោះទៅរកការអភិរក្សធម្មជាតិ។ នៅក្នុងការបើកកិច្ចប្រជុំ COP16 ថ្ងៃអង្គារ ដោយមានប្រធានាធិបតី ៦រូប និងរដ្ឋមន្ត្រីរដ្ឋាភិបាលជាង ១០០នាក់ មេដឹកនាំទូទាំងពិភពលោកព្រមានថា មនុស្សជាតិកំពុងតែសម្លាប់ខ្លួនឯងតាមរយៈការបំផ្លាញធម្មជាតិ៕