សមាជិកសភាកូរ៉េខាងត្បូង បាននិយាយនៅថ្ងៃពុធ (៣០ តុលា) នេះដោយសម្អាងដល់ចារកម្មយោធាថា កូរ៉េខាងជើង បានបញ្ជូនជើងទម្របាញ់មីស៊ីលដាក់នៅទីតាំងរួចរាល់ បន្ទាប់ពីបញ្ចប់ការត្រៀមរៀបចំបាញ់មីស៊ីលបាលិស្ទិកអន្តរទ្វីប (ICBM) ហើយអាចចាប់ផ្ដើមការបាញ់សាកល្បងនៅក្នុងខែវិច្ឆិកា។

សមាជិកសភាកូរ៉េខាងត្បូង លោក លី សុងខ្វ៉ុន (Lee Seong-kweun) បាននិយាយថា ជើងទម្របាញ់បង្ហោះចល័តត្រូវបានដាក់ពង្រាយនៅទីតាំងមួយសម្រាប់ការសាកល្បងដែលអាចកើតមាននៃមីស៊ីល ICBM និងការបញ្ចូលឡើងវិញនៃក្បាលគ្រាប់មីស៊ីលក្នុងលំហ ដែលអាចធ្វើឡើងនៅក្នុងអំឡុងពេលនៃការបោះឆ្នោតប្រធានាធិបតីសហរដ្ឋអាមេរិកនៅថ្ងៃទី០៥ ខែវិច្ឆិកា។

លោក Lee លើកឡើងបែបនេះក្នុងបទសម្ភាសន៍ដល់អ្នកសារព័ត៌មាន បន្ទាប់ពីសវនាការសភាបិទទ្វារជាមួយក្រុមមន្ត្រីទីភ្នាក់ងារស៊ើបការណ៍សម្ងាត់ការពារជាតិ (DIA)។ សមាជិកសភាម្នាក់ទៀតលោកស្រី ផាក ស៊ុនវ៉ុន (Park Sun-won) បាននិយាយថា ទីភ្នាក់ងារចារម្ម DIA ជឿថា មីស៊ីលមិនទាន់ត្រូវបានផ្ទុកនៅលើឧបករណ៍បាញ់បង្ហោះនៅឡើយទេ។

ក្រុមមន្ត្រីកូរ៉េខាងត្បូងបាននិយាយពីមុនថា កូរ៉េខាងជើង អាចនឹងព្យាយាមបាញ់មីស៊ីលរយៈចម្ងាយឆ្ងាយ ឬធ្វើការសាកល្បងនុយក្លេអ៊ែរលើកទី៧ របស់ខ្លួន ជុំវិញថ្ងៃបោះឆ្នោតនៅខែវិច្ឆិកា របស់សហរដ្ឋអាមេរិក ដើម្បីបង្ហាញកម្លាំងពីការអភិវឌ្ឍន៍អាវុធយុទ្ធសាស្ត្ររបស់ខ្លួន៕