ការនាំមុខរបស់លោកស្រី Kamala Harris លើលោក Donald Trump បានបន្តធ្លាក់ចុះនៅក្នុងដំណាក់កាលចុងក្រោយនៃការប្រជែងតំណែងប្រធានាធិបតីសហរដ្ឋអាមេរិក ដោយបេក្ខភាពបក្សប្រជាធិបតេយ្យរូបនេះនាំមុខតែ ១ពិន្ទុប៉ុណ្ណោះ លើបេក្ខភាពបក្សសាធារណរដ្ឋ ក្នុងអត្រា ៤៤% ទល់នឹង ៤៣% នេះបើយោងតាមការស្ទង់មតិថ្មីរបស់សារព័ត៌មានរ៉យទ័រ និងទីភ្នាក់ងារស្រាវជ្រាវអ៊ីបសូស (Reuters/Ipsos) ដែលបានចេញផ្សាយកាលពីថ្ងៃអង្គារ (២៩ តុលា)។

ការស្ទង់មតិរយៈពេលបីថ្ងៃ ដែលបានបញ្ចប់កាលពីថ្ងៃអាទិត្យនេះ បានបង្ហាញពីការប្រកួតប្រជែងយ៉ាងតានតឹងបំផុតនៅមុនការបោះឆ្នោតថ្ងៃទី០៥ ខែវិច្ឆិកា។

ខណៈដែលលោកស្រី Harris បាននាំមុខលោក Trump ស្ទើរតែគ្រប់ការស្ទង់មតិ Reuters/Ipsos ទាំងអស់ចាប់តាំងពីឈានជើងចូលក្នុងការប្រជែងនេះនៅខែកក្កដាមក ការនាំមុខរបស់លោកស្រីក៏បានធ្លាក់ចុះជាបន្តបន្ទាប់តាំងពីខែកញ្ញា។ ការស្ទង់មតិ Reuters/Ipsos មួយមុននោះ ដែលធ្វើឡើងនៅខែតុលា ទី១៦-២១ បង្ហាញថា លោកស្រី Harris នាំមុខលោក Trump តែពីរពិន្ទុប៉ុណ្ណោះ។

ការស្ទង់មតិថ្មីដែលបានធ្វើឡើងលើមនុស្សពេញវ័យនៅសហរដ្ឋអាមេរិកចំនួន ១.១៥០នាក់ទូទាំងប្រទេសនេះ រួមទាំងអ្នកបោះឆ្នោតដែលបានចុះឈ្មោះចំនួន ៩៧៥នាក់ បានបង្ហាញឱ្យឃើញថា លោក Trump មានប្រៀបខ្លាំងលើលោកស្រី Harris ក្នុងបញ្ហាជាច្រើនដែលជាកង្វល់ចម្បងរបស់អ្នកបោះឆ្នោតដូចជាសេដ្ឋកិច្ច ការងារ និងអន្តោប្រវេសន៍ជាដើម៕