កម្មវិធីស្បៀងអាហារពិភពលោក WFP របស់អង្គការសហប្រជាជាតិ បានអំពាវនាវកាលពីថ្ងៃអង្គារ (២៩ តុលា) ឱ្យមានវិធានការជាបន្ទាន់ដើម្បីបញ្ចៀសគ្រោះទុរ្ភិក្សនៅក្នុងតំបន់ហ្កាហ្សាស្ទ្រីប ដោយព្រមានថាវិបត្តិមនុស្សធម៌នៅទីនោះអាចកាន់តែអាក្រក់ខ្លាំងឡើងក្នុងពេលឆាប់ៗនេះ ដោយសារការរឹតបន្តឹងហួសហេតុលើលំហូរជំនួយ។

ក្រុមឃ្លាំមើលពិភព លោកបានព្រមានក្នុងខែនេះថា ដែនដីទាំងមូលនៃតំបន់ហ៊ុមព័ទ្ធប៉ាឡេស្ទីនមួយនេះ នៅតែមានហានិភ័យនៃគ្រោះទុរ្ភិក្ស ដោយប្រតិបត្តិការយោធារបស់អ៊ីស្រាអែលបានបន្ថែមការព្រួយបារម្ភ និងរារាំងជំនួយមនុស្សធម៌។

WFP ដែលជាទីភ្នាក់ងារស្បៀងអាហាររបស់អង្គការសហប្រជាជាតិបាននិយាយថា "ឥឡូវនេះនៅពេលដែលស្ថានភាពនៅភាគខាងជើងហ្កាហ្សាបន្តកាន់តែយ៉ាប់យ៉ឺន លទ្ធភាពនៃក្រុមមនុស្សដ៏ច្រើនដែលរងផលប៉ះពាល់ដោយទុរ្ភិក្សនឹងកើនឡើង ប្រសិនបើលក្ខខណ្ឌពុំប្រសើរឡើង"។

WFP សង្កត់ធ្ងន់ថា ខ្លួនមានអាហារប្រហែល ៩៤.០០០តោន ត្រៀមចាំនៅអេហ្ស៊ីប និងហ្ស៊កដានី ដែលអាចចិញ្ចឹមមនុស្ស ១លាននាក់ក្នុងរយៈពេល ៤ខែ ប៉ុន្តែមិនអាចនាំស្បៀងទាំងនោះចូលទៅក្នុងហ្កាហ្សាបានទេ ដោយសារមានច្រកចូលតិចពេក ហើយកន្លែងផ្សេងទៀតមិនមានសុវត្ថិភាពគ្រប់គ្រាន់ក្នុងការរក្សាទុកជំនួយ៕