បើតាមរបាយការណ៍របស់អ្នកជំនាញសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ (UN) កាលពីថ្ងៃអង្គារ (ទី២៩ ខែតុលា) បានឲ្យដឹងថា រុស្សីបានបង្កើនការប្រើប្រាស់ធ្វើទារុណកម្មរបស់ខ្លួនកាន់តែខ្លាំងជាងមុន ទាំងក្នុងស្រុក និងក្រៅស្រុក ចាប់តាំងពីមានការលុកលុយរបស់អ៊ុយក្រែន ដោយការអនុវត្តយ៉ាងជាក់ស្ដែង ត្រូវបានធ្វើឡើង ដើម្បីទប់ស្កាត់ក្រុមមានគំនិតផ្ទុយ ក្នុងអំឡុងពេលមានសង្រ្គាមនេះ។
ជាមួយគ្នានេះ អ្នកនិពន្ធរបាយការណ៍នេះ គឺលោកស្រី Mariana Katzarova បានប្រាប់អ្នកសារព័ត៌មានថា ការធ្វើទារុណកម្ម បានក្លាយទៅជា «ឧបករណ៍ សម្រាប់រាំងខ្ទប់វេទិកាសាធារណៈ ពោលគឺដើម្បីបំបិទមាត់អ្នកប្រឆាំង ឬអ្នកជំទាស់ទាំងឡាយ អ្នកណាដែលមិនយល់ស្របនឹងគោលនយោបាយ និងអាជ្ញាធររុស្ស៊ី»។
លោកស្រី Katzarova អ្នករាយការណ៍ពិសេសរបស់ UN ទទួលបន្ទុកសិទ្ធិមនុស្ស នៅរុស្ស៊ី បានកត់សម្គាល់ថា ការប្រើប្រាស់ការធ្វើទារុណកម្មត្រូវបានចងក្រងជាឯកសារ នៅប្រទេសនេះ ក្នុងរយៈពេល ៣ទសវត្សរ៍កន្លងមកនេះ។ លោកស្រីបានបន្តថា៖ «ប៉ុន្តែឥឡូវនេះ បន្ទាប់ពីការលុកលុយទ្រង់ទ្រាយធំ ការប្រព្រឹត្តិបែបនេះ បានក្លាយជាយុទ្ធសាស្ត្រធ្ងន់ធ្ងរជាងមុន»។
បើយោងតាមរបាយការណ៍ដែលត្រូវបានបង្ហាញទៅកាន់មហាសន្និបាតអង្គការសហប្រជាជាតិ បានឲ្យដឹងទៀតថា អ្នកដែលទទួលរងការធ្វើទារុណកម្មទាំងនោះ បានរួមបញ្ចូលទាំងអ្នកជំទាស់មនសិការ ចំពោះសេចក្តីព្រាងច្បាប់ ក៏ដូចជាការកេណ្ឌពួកបុរស និងកងទ័ពជាតិដែលបានបដិសេធមិនធ្វើតាមបទបញ្ជាទៅប្រយុទ្ធជាមួយអ៊ុយក្រែន៕