ការជម្លៀសខ្លួនមនុស្ស នៅតែបន្តនាថ្ងៃពុធនេះ ក្នុងខេត្តភាគខាងត្បូងហៃណានប្រទេសចិន ស្របពេលដែលព្យុះទីហ្វុង Trami បោកបក់លើកោះមួយនេះ ។
រូបថតសន្លឹកចាក់ផ្សាយដោយទូរទស្សន៍រដ្ឋ CCTV នៅថ្ងៃពុធនេះ ឃើញបុគ្គលិកសង្រ្គោះបន្ទាន់ ជួយសង្រ្គោះកម្មករនៅក្នុងឃ្លាំងទំនិញមួយកន្លែង ដែលជាប់ខ្លួនក្នុងទឹកជម្រៅ ២ម៉ែត្រ ។
សារព័ត៌មានរដ្ឋ រាយការណ៍ថា ខេត្តហៃណាន មានភ្លៀងធ្លាក់ពេញមួយថ្ងៃពុធនេះ ជាមួយនឹងហានិភ័យខ្ពស់នៃទឹកជំនន់ដ៏គំហក់ ។
តំបន់ឆ្នេរភាគខាងកើតប្រទេសចិន បានជួបអាកាសធាតុដ៏អាក្រក់ក្នុងឆ្នាំនេះ ចាប់ពីមហាព្យុះទីហ្វុង Yagi បោកបក់ឆ្លងកាត់ខេត្តហៃណាន កាលពីខែកញ្ញា រហូតដល់ព្យុះស៊ីក្លូនដ៏ខ្លំាងក្លាបំផុតចាប់តាំងពីឆ្នាំ ១៩៤៩ បានវាយប្រហារទីក្រុងសៀងហៃ ។
ទីក្រុងជាច្រើននៅក្នុងខេត្តហៃណាន រួមទាំងទីក្រុង Sanya ដើមដូង សណ្ឋាគារទល់មុខមាត់សមុទ្រ និងតំបន់ឆ្នេរ បានជន់លិចកាលថ្ងៃអង្គារនេះ ។
ដោយឡែក កាលពីថ្ងៃចន្ទ ទីក្រុង Sanya បានមើលឃើញភ្លៀងធ្លាក់កម្ពស់ ២៩៥មីលីម៉ែត្រ ក្នុងរយៈពេលជាង ២៤ម៉ោង ដែលជាកម្រិតទឹកភ្លៀងធ្លាក់ច្រើនបំផុតក្នុងរយៈពេល ១ថ្ងៃ នៅខែតុលា ចាប់តាំងពីឆ្នាំ ២០០០ ។
សូមបញ្ជាក់ថា កាលពីខែកក្កដាកន្លងទៅ ប្រទេសចិន បានរងការខូចខាតសេដ្ឋកិច្ចគិតជាទឹកប្រាក់ ១០,៨ពាន់លានដុល្លារ ដោយសារគ្រោះមហន្តរាយធម្មជាតិ ក្នុងនោះ ៨៨ភាគរយនៃការខាតបង់ បណ្តាលមកពីភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់បង្កឡើងដោយសារព្យុះទីហ្វុង Gaemi ។
ខណៈពេលនោះដែរ ក្រុមអ្នកវិទ្យា បានព្រមានពីអាកាសធាតុធ្ងន់ធ្ងរ បង្កឡើងដោយសារបម្រែបម្រួលអាកាសធាតុ ៕