អគ្គលេខាធិការសម្ព័ន្ធអារ៉ាប់ (AL) លោក អាម៉េដ អាបូល ហ្គេត (Ahmed Aboul-Gheit) កាលពីថ្ងៃអង្គារ បានថ្កោលទោសយ៉ាងខ្លាំងក្លាបំផុតចំពោះច្បាប់របស់សភាអ៊ីស្រាអែល ដែលហាមឃាត់កិច្ចប្រតិបត្តិការរបស់ទីភ្នាក់ងារអង្គការសហប្រជាជាតិសម្រាប់ជនភៀសខ្លួនប៉ាឡេស្ទីន នៅក្នុងប្រទេសអ៊ីស្រាអែល។
លោកបានហៅសេចក្តីសម្រេចរបស់អ៊ីស្រាអែលថា ជាសាលក្រមរឹបអូសអនាគតរបស់ប្រជាជនប៉ាឡេស្ទីនរាប់លាននាក់។
លោកបានចង្អុលបង្ហាញថា អ៊ីស្រាអែលគ្មានសិទ្ធិអំណាចក្នុងការហាមឃាត់ប្រតិបត្តិការរបស់ទីភ្នាក់ងារជំនួយ និងការងាររបស់អង្គការសហប្រជាជាតិសម្រាប់ជនភៀសខ្លួនប៉ាឡេស្ទីននៅតំបន់ដើមបូព៌ា (UNRWA) ដែលត្រូវបានបង្កើតឡើងដោយសេចក្តីសម្រេចរបស់អង្គការសហប្រជាជាតិក្នុងឆ្នាំ ១៩៤៩ ពោលគឺមិនមែនដោយអ៊ីស្រាអែលទេ។
លោកបានបន្ថែមថា មហាសន្និបាតអង្គការសហប្រជាជាតិមានការទទួលខុសត្រូវក្នុងការរក្សានូវការងាររបស់ UNRWA ដែលផ្តល់សេវាសុខភាព និងការអប់រំជាមូលដ្ឋានដល់ជនភៀសខ្លួនប៉ាឡេស្ទីន នៅក្នុងតំបន់ប្រតិបត្តិការរបស់ខ្លួន។
លោក អាបូល ហ្គេត បានអំពាវនាវឲ្យរដ្ឋសមាជិកក្រុមប្រឹក្សាសន្តិសុខអង្គការUN ជំទាស់នឹង«ការសម្រេចចិត្តដ៏គ្រោះថ្នាក់នេះ» ដោយព្រមានប្រឆាំងនឹងការដួលរលំទាំងស្រុងនៃការងារមនុស្សធម៌ នៅតំបន់ហ្កា ហ្សា ក្នុងអវត្តមានរបស់UNRWA។
កាលពីថ្ងៃអង្គារនោះដែរ ក្រសួងការបរទេសអេហ្ស៊ីប បានថ្កោលទោសការសម្រេចចិត្តរបស់អ៊ីស្រាអែលនៅក្នុងសេចក្តីថ្លែងការណ៍មួយ ដោយនិយាយថា ការសម្រេចនេះ គឺជាផ្នែកមួយនៃការរំលោភជាបន្តបន្ទាប់របស់អ៊ីស្រាអែលចំពោះច្បាប់អន្តរជាតិ និងច្បាប់មនុស្សធម៌អន្តរជាតិ។