អបអរសាទរ! ក្រុមព្រះខ័នរាជស្វាយរៀង របស់កម្ពុជា បានកក់កៅអីវគ្គ ៨ក្រុមចុងក្រោយ នៃពានរង្វាន់ AFC Challenge League 2024/25 (តំបន់អាស៊ីខាងកើត) ពូលE ក្រោយយកឈ្នះក្រុមម្ចាស់ផ្ទះ SP Falcons របស់ម៉ុងហ្គោលី ដោយលទ្ធផល ២-១ នៅរសៀលថ្ងៃទី៣០ ខែតុលានេះ។

ការប្រកួតក្រោមសីតុណ្ហភាព 8°C នេះ វគ្គទី១ ព្រះខ័នរាជស្វាយរៀង បាននាំ ១គ្រាប់មុន តាមរយៈការទាត់បាល់ពិន័យ ១១ម៉ែត្រពីខ្សែប្រយុទ្ធ Pablo នៅនាទី២៥ មុនកីឡាករ Musatkin រកបានគ្រាប់តាមស្មើឲ្យក្រុមម្ចាស់ផ្ទះ នៅនាទី៦៧ ។ ប៉ុន្ដែនៅចុងម៉ោង Cristian Dos Santos បន្ថែមគ្រាប់នាំមុខជាថ្មី ឲ្យក្រុមជើងឯកលីគកំពូលកម្ពុជា តាមរយៈការទាត់បាល់ពិន័យ ១១ម៉ែត្រ នៅនាទី៨០ ហើយក៏ជាគ្រាប់ជ័យជម្នះផងដែរ។

យ៉ាងណាមិញ ព្រះខ័នរាជស្វាយរៀង នៅសល់ ១ប្រកួតទៀត ដោយត្រូវជួបក្រុមឥណ្ឌូនេស៊ី Madura United នាថ្ងៃទី២ ខែវិច្ឆិកាខាងមុខ ដើម្បីកំណត់ជោគវាសនារវាង SP Falcons និង Madura United ក្រុមមួយណា នឹងឡើងទៅវគ្គ ៨ក្រុមចុងក្រោយជាមួយខ្លួន ក្នុងពានរង្វាន់ក្លិបបាល់ទាត់លំដាប់ទី៣ ទ្វីបអាស៊ីនេះ?

