នគរបាលទួរគី បានឃាត់ខ្លួនក្រុមសកម្មប្រយុទ្ធរដ្ឋឥស្លាម (IS) ចំនួន ៣៣ នាក់ កាលពីថ្ងៃអង្គារ នៅក្នុងទីក្រុងអ៊ីស្តង់ប៊ុល។ នេះបើយោងតាមទីភ្នាក់ងារសារព័ត៌មាន Anadolu។
ប្រតិបត្តិការដំណាលគ្នាដែលដឹកនាំដោយអង្គភាពប្រឆាំងភេរវកម្មរបស់ទីក្រុងអ៊ីស្តង់ប៊ុល បានកំណត់គោលដៅអាសយដ្ឋានជាច្រើន នៅទូទាំងសង្កាត់ចំនួន ១០ នៃទីក្រុងនេះ។
យោងតាមសារព័ត៌មាន Anadolu បានឲ្យដឹងថា ជនសង្ស័យត្រូវបានចោទប្រកាន់ថា កំពុងរៃអង្គាសប្រាក់ក្រោមការក្លែងបន្លំនៃការបរិច្ចាគផ្នែកសាសនា ដើម្បីផ្តល់មូលនិធិដល់ការបង្កើត «វិហារឥស្លាម និងសាលាសាសនាខុសច្បាប់» ដែលមានទំនាក់ទំនងជាមួយក្រុម IS និងបង្រៀនមេរៀន និងធ្វើការពិភាក្សាដោយខុសច្បាប់ទាក់ទងនឹងជីហាដ។
របាយការណ៍ បានបន្តថា នីតិវិធីច្បាប់សម្រាប់ជនសង្ស័យទាំង ៣៣នាក់ ដែលត្រូវបានឃុំខ្លួន កំពុងបន្ត នៅប៉ុស្តិ៍នគរបាល។
រដ្ឋាភិបាលទួរគី បានចាត់តាំងក្រុម IS ជាអង្គការភេរវករ នៅក្នុងឆ្នាំ ២០១៣ ដោយបានបន្ទោសអង្គការនេះចំពោះការវាយប្រហារដ៏សាហាវ នៅក្នុងប្រទេស រួមទាំងការវាយប្រហារកាលពីខែមករាលើព្រះវិហារ រ៉ូម៉ាំងកាតូលិក នៅក្នុងទីក្រុងអ៊ីស្តង់ប៊ុល ដែលបានបណ្តាលឲ្យមនុស្សម្នាក់ស្លាប់។