ក្រសួងការបរទេសសហរដ្ឋអាមេរិក បានប្រកាសការថ្កោលទោសរបស់ពួកគេចំពោះការវាយប្រហារលើជនស៊ីវិលដោយកងកម្លាំងគាំទ្ររហ័សស៊ូដង់(RSF) និងជំរុញឲ្យមានការបញ្ចប់ជាបន្ទាន់នូវអំពើហិង្សាមួយនេះ ។
អំឡុងសន្និសីទសារព័ត៌មាន អ្នកនាំពាក្យក្រសួងការបរទេសសហរដ្ឋអាមេរិកលោក Matthew Miller បានធ្វើការព្រមានថា សហរដ្ឋអាមេរិកនឹងបន្តដាក់ផលវិបាកលើអ្នកដែលនៅពីក្រោយការបញ្ឆេះភាពឃោឃៅនៅស៊ូដង់ ។
លោក Miller និយាយថា ក្នុងរយៈពេល ១សប្តាហ៍កន្លងមកនេះ កងកម្លាំង RSF បានបើកការវាយប្រហារយ៉ាងឃោឃៅនៅទូទាំងតំបន់ភាគខាងកើតរដ្ឋ Al Jazeera របស់ប្រទេសស៊ូដង់ ដែលស្ថិតនៅភាគខាងត្បូងទីក្រុង Khartoum ។
លោកបន្តថា ពួកគេបានវាយប្រហារភូមិជាច្រើនកន្លែងនៅតំបន់នោះ មានគោលដៅដោយចេតនាលើជនស៊ីវិល ។ មនុស្សភាគច្រើននៃជនរងគ្រោះពីកងកម្លាំង RSF គឺជាស្រ្តី និងកុមារ ។
គួរឲ្យដឹងថា សង្រ្គាមបានផ្ទុះឡើងកាលពីពាក់កណ្តាលខែមេសា ឆ្នាំ ២០២៣ ក្រោយពីមានការដណ្តើមអំណាចគ្នារវាងកងទ័ពស៊ូដង់ និងកងកម្លាំង RSF មុនការផ្លាស់ប្តូរតាមការគ្រោងទុកទៅរកការគ្រប់គ្រងស៊ីវិល ហើយនិងបង្កឲ្យមានវិបត្តិជម្លៀសខ្លួនមនុស្សធំបំផុតរបស់ពិភពលោក ៕