ដោយដកស្រង់សម្តីបុគ្គលលាក់អត្តសញ្ញាណដែលដឹងអំពីបញ្ហានេះ សារព័ត៌មាន Financial Times (FT) បានរាយការណ៍ថា ប្រទេសអ៊ុយក្រែន និងរុស្ស៊ី កំពុងស្ថិតក្នុងដំណាក់កាលដំបូងនៃការចរចា អំពីការណ៍ដែលអាចបញ្ឈប់ការវាយប្រហារតាមអាកាសលើរោងចក្រថាមពលរបស់គ្នាទៅវិញទៅមក។
តាមរយៈការដកស្រង់ពីប្រភព កាលល្ងាចថ្ងៃអង្គារ (ទី២៩ ខែតុលា) ដែលខ្លួនបាននិយាយថា រួមមានទាំងមន្ត្រីជាន់ខ្ពស់អ៊ុយក្រែនផងដែរនោះ សារព័ត៌មាន FT បានឲ្យដឹងថា អ៊ុយក្រែនកំពុងប្រឹងប្រែងចាប់ផ្ដើមឡើងវិញនូវកិច្ចចរចា ដែលជិតឈានដល់កិច្ចព្រមព្រៀង កាលពីខែសីហា និងដែលត្រូវបានសម្របសម្រួលដោយប្រទេសកាតា។
ប្រភពទាំងនោះ បានប្រាប់សារព័ត៌មាន FT ថា កិច្ចពិភាក្សានេះត្រូវបានរអាក់ដំណើរដោយសារកងកម្លាំងរបស់ទីក្រុងគីវ ដែលបានបើកការលុកលុយ នៅខែនោះចូលទៅក្នុងតំបន់ Kursk របស់រុស្ស៊ី ដែលមានព្រំប្រទល់ជាប់នឹងអ៊ុយក្រែន។
យ៉ាងណាក្ដី សារព័ត៌មាន Reuters មិនអាចផ្ទៀងផ្ទាត់របាយការណ៍នេះដោយឯករាជ្យបានឡើយ។ ហើយជាមួយគ្នានេះ វិមានក្រឹមឡាំង ក្រសួងការពារជាតិរុស្ស៊ី ការិយាល័យប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskiy និងក្រសួងការពារជាតិអ៊ុយក្រែន មិនបានឆ្លើយតបភ្លាមៗនោះទេ ចំពោះសំណើសុំការអត្ថាធិប្បាយរបស់ Reuters។
មិនខុសគ្នាដែរ សារព័ត៌មាន FT បានឲ្យដឹងថា វិមានក្រឹមឡាំងបានបដិសេធមិនធ្វើអត្ថាធិប្បាយអ្វីឡើយ ហើយការិយាល័យរបស់លោក Zelenskiy មិនបានឆ្លើយតបទៅនឹងសំណើសុំការអត្ថាធិប្បាយរបស់ខ្លួនដូចគ្នាដែរ៕