ក្រុមអាជ្ញាធរក្នុងស្រុក និយាយនៅថ្ងៃពុធនេះថា មនុស្សយ៉ាងហោច ៥១នាក់ ត្រូវបានសម្លាប់នៅក្នុងទឹកជំនន់ដ៏គំហក់ដែលបានវាយប្រហារតំបន់ភាគខាងកើត Valencia ប្រទេសអេស្ប៉ាញ បន្ទាប់ពីភ្លៀងធ្លាក់ខ្លាំងកាលពីថ្ងៃអង្គារ បណ្តាលឲ្យផ្លូវថ្នល់ និងទីក្រុងជាច្រើន រងការជន់លិចគ្មានសេសសល់ ។
រូបភាពវីដេអូឃ្លីបពីក្រសួងការពារជាតិអេស្ប៉ាញ និងក្រុមនគរបាល ឃើញក្រុមសេវាកម្មសង្រ្គោះបន្ទាន់ អង្កេតផ្ទះសម្បែងរងការជន់លិច និងជួយមនុស្សជាប់ខ្លួននៅក្នុងទីក្រុង Utiel ។
រូបភាពវីដេអូឃ្លីបជាច្រើនដែលបានចែកចាយនៅលើបណ្តាញព័ត៌មានសង្គម ឃើញមនុស្សជាប់ខ្លួននៅក្នុងទឹកជំនន់ ក្នុងនោះមនុស្សមួយចំនួននាំគ្នាឡើងដើមឈើ ដើម្បីចៀសវាងទឹកហូរនាំយកទៅ ។
លោក Carlos Mazon គឺជាមេដឹកនាំតំបន់ Valencia បាននិយាយប្រាប់សន្និសីទសារព័ត៌មានថា មនុស្សមួយចំនួន បន្តជាប់ខ្លួននៅតំបន់ដែលមិនអាចចូលទៅដល់ ។
សេវាកម្មសង្រ្គោះបន្ទាន់ក្នុងតំបន់ បានជំរុញឲ្យប្រជាពលរដ្ឋចៀសវៀងធ្វើដំណើរតាមផ្លូវ និងតាមដានការធ្វើបច្ចុប្បន្នភាពបន្ថែមទៀតពីប្រភពព័ត៌មានផ្លូវការ ។
រថភ្លើងទៅកាន់ទីក្រុង Madrid និងទីក្រុង Barcelona ត្រូវបានលុបចោលដោយសារទឹកជំនន់ ហើយសាលារៀន និងសេវាកម្មចាំបាច់ជាច្រើនផ្សេងទៀត ត្រូវបានផ្អាកផងដែរនៅតំបន់រងផលប៉ះពាល់ខ្លាំងដោយសារទឹកជំនន់ ។
អង្គភាពយោធា UME ដែលជំនាញខាងប្រតិបត្តិការជួយសង្រ្គោះ ត្រូវបានដាក់ពង្រាយទៅកាន់តំបន់មួយចំនួន ដើម្បីជួយក្រុមការងារសង្រ្គោះបន្ទាន់ ។
ទីភ្នាក់ងារឧតុនិយមរដ្ឋអេស្ប៉ាញ AEMET បានប្រកាសអាសន្នកម្រិតពណ៌ក្រហមនៅតំបន់ Valencia ដែលជាតំបន់ដាំដុះដើមក្រូចដ៏សំខាន់របស់អេស្ប៉ាញ ក្នុងនោះតំបន់មួយចំនួន ដូចជាតំបន់ Turis និងតំបន់ Utiel រកឃើញមានទឹកភ្លៀងធ្លាក់កម្ពស់ ២០០មីលីម៉ែត្រ ។
ចំនួនមនុស្សស្លាប់នេះដែរ ទំនងជាចំនួនមនុស្សស្លាប់ច្រើនបំផុតនៅអឺរ៉ុបដោយសារទឹកជំនន់ ចាប់តាំងពីឆ្នាំ ២០២១រហូតមក ពេលដែលមនុស្សជិត ២០០នាក់ បានស្លាប់ ដែលភាគច្រើននៃពួកគេនៅក្នុងប្រទេសអាល្លឺម៉ង់ ៕