ក្រុមរដ្ឋអាជ្ញានៃប្រទេសហ្សកហ្ស៊ី នៅថ្ងៃពុធ (ទី៣០ ខែតុលា) នេះ បាននិយាយថា ពួកគេបានបើកការស៊ើបអង្កេតលើការចោទប្រកាន់របស់គណបក្សប្រឆាំង អំពីការដែលអាចមានការក្លែងបន្លំ នៅក្នុងការបោះឆ្នោតសភា កាលពីចុងសប្តាហ៍កន្លងមក ដែលគណបក្សកាន់អំណាច Georgian Dream ត្រូវបានប្រកាសថា ជាអ្នកទទួលជ័យជម្នះ។
គួរបញ្ជាក់ថា បន្ទាប់ពីការបោះឆ្នោតកាលពីថ្ងៃសៅរ៍ លទ្ធផលផ្លូវការបានបង្ហាញថា គណបក្ស Georgian Dream ជាគណបក្សដែលមានទំនាក់ទំនងយ៉ាងស៊ីជម្រៅជាមួយរុស្ស៊ី ទទួលបានសំឡេងឆ្នោត ៥៤ភាគរយ និងសំឡេងភាគច្រើនដាច់ខាតយ៉ាងច្បាស់លាស់ នៅក្នុងសភា។ ប៉ុន្តែអ្នកនយោបាយគណបក្សប្រឆាំង បាននិយាយថា ពួកគេនឹងធ្វើពហិការមិនចូលសភា ដើម្បីជាការតវ៉ា ចំពោះលទ្ធផលដែលពួកគេនិយាយថា មិនស្របច្បាប់។
ហើយការិយាល័យរដ្ឋអាជ្ញា បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍ថា ខ្លួនបានកោះអញ្ជើញប្រធានាធិបតីហ្សកហ្ស៊ី លោកស្រី Salome Zourabichvili ជាអ្នករិះគន់រដ្ឋាភិបាលដែលបាននិយាយម្តងហើយម្តងទៀតថា ការរាប់សន្លឹកឆ្នោតមានការក្លែងបន្លំ ប៉ុន្តែមិនបានផ្តល់ភស្តុតាងអំពីការលើកឡើងនោះ ដើម្បីធ្វើសក្ខីកម្មនៅថ្ងៃព្រហស្បតិ៍ (ទី៣១ ខែតុលា)។
លោកស្រី Zourabichvili និងឥស្សរជនគណបក្សជំទាស់ផ្សេងទៀត បាននាំគ្នាបោះឆ្នោត ដែលជាពេលវេលាដ៏សំខាន់នៅក្នុងប្រវត្តិសាស្ត្រហ្សកហ្ស៊ី ពោលគឺជាការសម្រេចចិត្ត ដែលប្រទេសនេះកំពុងជ្រើសរើសរវាងសមាហរណកម្មសហភាពអឺរ៉ុបជាមួយក្រុមប្រឆាំង ឬការបន្តលម្អៀងឆ្ពោះទៅរកប្រទេសរុស្ស៊ី ក្រោមការគ្រប់គ្រងរបស់គណបក្ស Georgian Dream៕