នគរបាលអាល់បានី បានប៉ះទង្គិចគ្នាជាមួយបាតុករក្រុមប្រឆាំងដែលនាំគ្នាបិទផ្លូវសំខាន់ចូលទៅក្នុងរដ្ឋធានី Tirana អស់រយៈពេល ៣ម៉ោងកាលពីថ្ងៃអង្គារ ។
បាតុកម្មនេះ បានផ្ទុះឡើង បន្ទាប់ពីការចាប់ខ្លួនអតីតប្រធានាធិបតីលោក Ilir Meta ពាក់ព័ន្ធនឹងការចោទប្រកាន់ពីអំពើពុករលួយ ។
លោក Meta ដែលជាប្រធានគណបក្សប្រឆាំងសេរីភាព និងជាគណបក្សប្រឆាំងធំបំផុតទី ២របស់អាល់បានី ត្រូវបានគេចាប់ខ្លួនកាលពីថ្ងៃទី ២១ ខែតុលាកន្លងទៅ ។
លោកប្រឈមនឹងការចោទប្រកាន់ពីអំពើពុករលួយទទួលសំណូក ការខកខានមិនប្រកាសទ្រព្យសម្បត្តិរបស់លោក និងការលាងលុយកខ្វក់ ។
លោក Meta បានច្រានចោលរាល់ការចោទប្រកាន់ទាំងអស់ ដោយរូបលោកបានចោទប្រកាន់នាយករដ្ឋមន្រ្តីបបច្ចុប្បន្នលោក Edi Rama ថាបានប្រើប្រាស់ការកាត់ទោសប្រឆាំងនឹងរូបលោក ។
ក្រុមប្រឆាំងនាំគ្នាបិទផ្លូវសំខាន់ៗផ្សេងទៀត នៅទូទាំងប្រទេសផងដែរ ហើយយោងតាមសារព័ត៌មានក្នុងស្រុក បានឲ្យដឹងថា បាតុករ ១២នាក់ ត្រូវបានចាប់ខ្លួននៅក្នុងទីក្រុង Elbasan ។
លោក Migena Belegu គឺជាបាតុករមួយរូបមកពីទីក្រុង Tirana និយាយថា ពួកយើងត្រូវតែធ្វើខ្លាំង ។ ពួកយើងនឹងប្រឈមនឹងអ្នកកាន់អំណាច ពីព្រោះថា ឥឡូវនេះ អ្វីៗមិនអាចបំពានបាននោះទេ ហើយមនុស្សលែងអាចក្រោកឈរបន្តទៀតបានហើយ ។
លោកនិយាយថា ប្រហែលជាពួកយើងនឹងមើលឃើញការកើតឡើងម្តងទៀតនៃកុបកម្មឆ្នាំ ១៩៩៧ ពេលដែលមនុស្សរាប់ពាន់នាក់ បានស្លាប់ ដោយកងកម្លាំងអន្តរជាតិមកដល់ ដើម្បីស្តាសណ្តាប់ធ្លាប់ឡើងវិញ ។ លោកសង្ឃឹមថា រឿងបែបនេះ នឹងមិនកើតឡើងម្តងទៀតនោះទេ ប៉ុន្តែប្រហែលជាពួកយើងអាចឈានដល់ចំណុចនោះ ៕


