អ្នកនាំពាក្យរដ្ឋាភិបាលជប៉ុន លោក Yoshimasa Hayashi បាននិយាយថា គណៈរដ្ឋមន្ត្រីជប៉ុន កំពុងតាមដានពីលទ្ធភាពដែលកូរ៉េខាងជើង អាចនឹងបាញ់មីស៊ីល ក្នុងពេលឆាប់ៗនេះ បាញ់បង្ហោះផ្កាយរណប ឬធ្វើតេស្តនុយក្លេអ៊ែរ។
លោកបាននិយាយក្នុងការឆ្លើយតបទៅនឹងការសាកសួរទាក់ទងនឹងការសន្និដ្ឋានដែលបានធ្វើឡើង ដោយទីភ្នាក់ងារស៊ើបការណ៍សម្ងាត់កូរ៉េខាងត្បូងថា៖ «រដ្ឋាភិបាល [ជប៉ុន] បន្តប្រមូលនិងវិភាគទិន្នន័យពាក់ព័ន្ធ»។ ទោះជាយ៉ាងណាក៏ដោយ លោកHayashi បដិសេធមិនផ្តល់ការអត្ថាធិប្បាយលម្អិតអំពីរបាយការណ៍ពីទីក្រុងសេអ៊ូលនោះទេ។
លោកបានបញ្ជាក់ជាថ្មីពីជំហររបស់ជប៉ុន ដោយបានកត់សម្គាល់ថា កូរ៉េខាងជើង «អាចនឹងធ្វើសកម្មភាពបង្កហេតុបន្ថែមទៀត ដូចជាការបាញ់មីស៊ីលផ្សេងៗ ផ្កាយរណប ឬការតេស្តនុយក្លេអ៊ែរជាដើម»។
មុននេះ ទីភ្នាក់ងារសារព័ត៌មានយ៉ុនហាប់របស់កូរ៉េខាងត្បូង បានរាយការណ៍ថា យោងតាមចារកម្មយោធា កូរ៉េខាងជើង បានបញ្ចប់ «ការត្រៀមលក្ខណៈផ្ទៃក្នុង» មួយចំនួន នៅឯកន្លែងសាកល្បងនុយក្លេអ៊ែរ Punggye-ri ។ ទីភ្នាក់ងារនេះ ក៏បានបញ្ជាក់ផងដែរថា ការរៀបចំសម្រាប់ការបាញ់បង្ហោះមីស៊ីលបាលីស្ទីក រយៈចម្ងាយឆ្ងាយ រួមទាំងរ៉ូកែតអវកាស ឬមីស៊ីលអន្តរទ្វីប ជិតរួចរាល់ហើយ។

