ក្រុមប្រឆាំងរដ្ឋាភិបាលយោធាមីយ៉ាន់ម៉ា នៅថ្ងៃពុធ (ទី៣០ ខែតុលា) នេះ បានស្វាគមន៍ចំពោះការដាក់ទណ្ឌកម្មចុងក្រោយបង្អស់របស់សហភាពអឺរ៉ុប ចក្រភពអង់គ្លេស និងកាណាដា លើបុគ្គល និងអង្គភាពនានា ដែលផ្គត់ផ្គង់ប្រេងឥន្ធនៈ និងឧបករណ៍អាកាសចរណ៍ដល់កងទ័ព ដែលបានឈានទៅដល់ការវាយប្រហារបង្ហូរឈាមតាមអាកាស។
បច្ចុប្បន្ននេះ កងទ័ពកំពុងប្រយុទ្ធទប់ទល់នឹងក្រុមជីវពលជនជាតិភាគតិច ក្នុងតំបន់ជាច្រើន ក៏ដូចជាទ័ពព្រៃរាប់រយក្រុមដែលប្រមូលផ្តុំគ្នាហៅថា កងកម្លាំងការពារប្រជាជន ដែលត្រូវបានបង្កើតឡើង ដើម្បីប្រយុទ្ធស្តារលទ្ធិប្រជាធិបតេយ្យឡើងវិញ បន្ទាប់ពីពួកយោធាបានដណ្តើមអំណាចពីរដ្ឋាភិបាលស៊ីវិលជាប់ឆ្នោតរបស់លោកស្រី Aung San Suu Kyi កាលពីថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២១។
នៅឆ្នាំកន្លងមក កងទ័ពបានរងបរាជ័យក្នុងសមរភូមិដែលមិនធ្លាប់មានពីមុនមក ហើយបាននិងកំពុងពឹងផ្អែកកាន់តែខ្លាំងឡើងលើការវាយប្រហារតាមផ្លូវអាកាស និងការបាញ់ផ្លោងកាំភ្លើងធំ។
លោកស្រី Catherine West រដ្ឋមន្ត្រីរបស់ចក្រភពអង់គ្លេសទទួលបន្ទុកតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍ថា៖ «ការរំលោភសិទ្ធិមនុស្សដែលកើតឡើងនៅទូទាំងសហភាពមីយ៉ាន់ម៉ា ក្នុងនោះរួមទាំងការវាយប្រហារតាមអាកាសលើហេដ្ឋារចនាសម្ព័ន្ធស៊ីវិល ដោយយោធាមីយ៉ាន់ម៉ា គឺមិនអាចទទួលយកបានឡើយ ហើយផលប៉ះពាល់លើជនស៊ីវិលស្លូតត្រង់ គឺមិនអាចអត់ឱនឲ្យបានជាដាច់ខាត»។
គួរបញ្ជាក់ថា អង្គភាពចំនួន៦ នៅក្នុងបញ្ជីទណ្ឌកម្ម រួមមានក្រុមហ៊ុន Asia Sun Group Company Limited, Swan Energy Company Limited, Myan-Oil Company Limited, Rich Ray Trading Company Limited, Progress Technology Support Company និងក្រុមហ៊ុន King Royal Technologies Company Limited៕



