យោងតាមក្រុមអាជ្ញាធរសុខភាពបានឲ្យដឹងថា ក្រុមអ្នកកាន់ទុក្ខបានជួបជុំគ្នានៅមន្ទីរពេទ្យ Nasser ស្ថិតក្នុងតំបន់ហ្កាហ្សានាថ្ងៃពុធនេះ សម្រាប់ពិធីបុណ្យសពសមាជិគ្រួសារ ៤រូបដែលត្រូវបានសម្លាប់នៅក្នុងការវាយប្រហារតាមច្រកអាកាសរបស់អ៊ីស្រាអែលលើផ្ទះរបស់ពួកគេ ស្ថិតក្នុងតំបន់ al-Mawasi នៃទីក្រុង Khan Younis ។
យោងតាមសម្តីរបស់អ្នកស្រី Mona al-Farra គឺជាសមាជិកគ្រួសារជនរងគ្រោះ និយាយថា ការវាយប្រហាររបស់អ៊ីស្រាអែល បានសម្លាប់កុមារម្នាក់ ស្រ្តី ២នាក់ និងបុរសម្នាក់នៅតំបន់ភាគខាងត្បូងហ្កាហ្សាស្រ្ទីប ។
ដោយឡែក អ្នកជិតខាងម្នាក់គឺលោក Ramez Al-Qassas និយាយថា ពួកយើងមិនដឹងថាត្រូវទៅកន្លែងណាទៀតនោះទេ ពួកយើងនៅកន្លែងសុវត្ថិភាព ឬវិលត្រឡប់ទៅចូលសមុទ្រ ឬតើកន្លែងណាត្រូវទៅ? ពួកយើងយល់ឃើញថា កន្លែងដែលសុវត្ថិភាពជាងគេបំផុត ដើម្បីជ្រកកោន មានតែនៅលើមេឃទេ ។
អ៊ីស្រាអែល បានចោទប្រកាន់ក្រុមហាម៉ាស់ថាបានលាក់បំពួនក្រុមជីពលប្រដាប់អាវុធរបស់ពួកគេនៅក្នុងចំណោមជនស៊ីវិល តាមកន្លែងរស់នៅរបស់អ្នកស្រុក និងអគារសាធារណៈ រួមទាំងសាលារៀន និងមន្ទីរពេទ្យ ដែលការអះអាងបែបនេះ ត្រូវបានពួកគេធ្វើការច្រានចោលទាំងស្រុង ។
យោងតាមការអះអាងរបស់ក្រសួងសុខាភិបាលហ្កាហ្សា បានឲ្យដឹងថា ចំនួនមនុស្សស្លាប់ដោយសារការវាយប្រហារតាមច្រកអាកាស និងការវាយប្រហារតាមជើងគោករបស់អ៊ីស្រាអែល នៅតំបន់ហ្កាហ្សា បានកើនឡើងដល់ ៤៣.០០០នាក់ ៕


