ប្រធានគណកម្មការអឺរ៉ុបលោកស្រី Ursula von der Leyen និយាយនៅថ្ងៃពុធនេះថា សហភាពអឺរ៉ុប(EU) បានផ្តល់ជូនរួចទៅហើយ ដើម្បីជួយប្រទេសអេស្ប៉ាញ ពេលដែលពួកគេប្រឈមនឹងគ្រោះទឹកជំនន់ស្លាប់មនុស្សច្រើនបំផុតក្នុងរយៈពេល ៣ទសវត្សរ៍កន្លងមកនេះ ដែលធ្វើឲ្យផ្លូវថ្នល់ និងទីក្រុងជាច្រើន រងការជន់លិចធ្ងន់ធ្ងរ ។
ទឹកជំនន់បានកើតមាន ក្រោយភ្លៀងធ្លាក់ខ្លាំងវាយប្រហារតំបន់ភាគខាងកើត Valencia កាលពីថ្ងៃអង្គារ ។
អំឡុងសន្និសីទសារព័ត៌មាននៅទីក្រុងព្រុចសែល ប្រទេសបែលហ្ស៊ិក អ្នកស្រី Von der Leyen និយាយថា អ្វីដែលពួកយើងមើលឃើញ គឺជាការបំផ្លិចបំផ្លាញដ៏អាក្រក់ ។
រដ្ឋាភិបាលតំបន់ Valencia និយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា មនុស្សយ៉ាងហោច ៦៤នាក់ បានស្លាប់នៅក្នុងទឹកជំនន់ដ៏គំហក់ ដែលធ្វើឲ្យប៉ះពាល់តំបន់ភាគខាងកើតអេស្ប៉ាញ ។
លោកស្រី Von der Leyen និយាយទៀតថា ពួកយើងបានចាប់អនុវត្តប្រព័ន្ធផ្កាយរណប Copernicus របស់ពួកយើង ដើម្បីជួយសម្របសម្រួលដល់ក្រុមជួយសង្រ្គោះ ហើយពួកយើងបានផ្តល់ជូនរួចទៅហើយ ដើម្បីអនុវត្តយន្តការការពារជនស៊ីវិលរបស់ពួកយើង ។
សូមបញ្ជាក់ថា នេះគឺជាគ្រោះមហន្តរាពាក់ព័ន្ធនឹងទឹកជំនន់ដ៏អាក្រក់បំផុតនៅក្នុងប្រទេសអេស្ប៉ាញ ចាប់តាំងពីឆ្នាំ ១៩៩៦ ពេលដែលមនុស្ស ៨៧នាក់ បានស្លាប់នៅជិតទីក្រុងមួយកន្លែងក្នុងតំបន់ Pyrenees ៕