មនុស្ស ២នាក់ ដែលបានរងរបួសដោយសារការវាយប្រហារដោយរ៉ុក្កែតរបស់ក្រុមហេសបូឡានៅថ្ងៃពុធនេះ បានមកដល់មន្ទីរពេទ្យនៅភាគខាងជើងអ៊ីស្រាអែល ។
រូបភាពវីដេអូឃ្លីបផ្តល់ជូនពីមន្ទីរពេទ្យ Rambam ឃើញឧទ្ធម្ភាគចក្រដឹកអ្នករងរបួស បានចុះចត ហើយបុគ្គលិកពេទ្យ បានអូសពួកគេចូលមន្ទីរពេទ្យ ។
ប្រធានមន្ទីរពេទ្យ Rambam និយាយថា មនុស្សម្នាក់ បានរងរបួសស្រាល និងមនុស្សម្នាក់ទៀត រងរបួសធ្ងន់ ។
គួរឲ្យដឹងថា ក្រុមហេសបូឡា បានចាប់ផ្តើមផ្លោងគ្រាប់រ៉ុក្កែតរបស់ពួកគេចូលទៅក្នុងតំបន់ភាគខាងជើងអ៊ីស្រាអែល រយៈពេល ១ថ្ងៃប៉ុណ្ណោះ ក្រោយការវាយប្រហារដឹកនាំដោយក្រុមហាម៉ាស់ លើតំបន់សហគមន៍ភាគខាងត្បូងអ៊ីស្រាអែល កាលពីរយៈពេលជាង ១ឆ្នាំមុន បង្ខំឲ្យមានការជម្លៀសពលរដ្ឋអ៊ីស្លាអែលរាប់ម៉ឺននាក់ចេញពីផ្ទះសម្បែងរបស់ពួកគេនៅជិតតំបន់ព្រំដែនភាគខាងជើង ។
ក្រោយរយៈពេល ១ឆ្នាំនៃការផ្ទុះអាវុធ អ៊ីស្រាអែល បានបង្កើនការវាយប្រហាររបស់ពួកគេលើតំបន់ភាគខាងត្បូងលីបង់ និងតំបន់ឯនាយជាច្រើនទៀត អស់រយៈពេលជាង ១ខែមកហើយ ។
ទាហានអ៊ីស្រាអែល បានបើកការវាយប្រហារតាមជើងគោកនៅតាមខ្សែត្រៀមមុខតំបន់ភ្នំ ជាមួយលីបង់ ធ្វើឲ្យមានការប៉ះទង្គិចខ្លាំងជាមួយក្រុមហេសបូឡា នៅក្នុងទីក្រុងមួយចំនួន ៕