សំណុំផ្សែងត្រូវបានគេមើលឃើញហុយចេញពីភូមិ Khiam ស្ថិតនៅជិតព្រំដែនអ៊ីស្រាអែលនៅភាគខាងត្បូងប្រទេសលីបង់នាថ្ងៃពុធនេះ ។
ជម្លោះអ៊ីស្រាអែល និងក្រុមហេសបូឡា បានផ្ទុះឡើងកាលពីរយៈពេល ១ឆ្នាំមុន ពេលដែលក្រុមប្រដាប់អាវុធលីបង់ ចាប់ផ្តើមផ្លោងគ្រាប់រ៉ុក្កែតលើតំបន់ភាគខាងជើងអ៊ីស្រាអែល ដើម្បីគាំទ្រក្រុមជីវពលប៉ាឡេស្ទីនហាម៉ាស់ នៅពេលចាប់ផ្តើមសង្រ្គាមហ្កាហ្សា ។
សង្រ្គាមបានឡើងកម្តៅខ្លាំងក្នុងរយៈពេលប៉ុន្មានសប្តាហ៍កន្លងមកនេះ ក្នុងនោះអ៊ីស្រាអែល បានបង្កើនការទម្លាក់គ្រាប់បែកលើតំបន់ភាគខាងត្បូងលីបង់ តំបន់ជាយក្រុងភាគខាងត្បូងទីក្រុងបេរូត និងតំបន់ជ្រលងភ្នំ Bekaa ដោយបានសម្លាប់មេដឹកនាំកំពូលហេសបូឡា និងបញ្ជូនទាហានរបស់ពួកគេ បើកការវាយប្រហារតាមជើងគោក ឆ្លងកាត់ព្រំដែន ។
ក្រុមហេសបូឡា បានតបតវិញ ជាមួយនឹងការវាយប្រហារដោយរ៉ុក្កែតចូលកាន់តែជ្រៅទៅក្នុងប្រទេសអ៊ីស្រាអែលផងដែរ ។
យោងតាមក្រុមអាជ្ញាធរទីក្រុងបេរូត បានឲ្យដឹងថា មនុស្សជាង ២.៧០០នាក់ ត្រូវបានសម្លាប់នៅក្នុងប្រទេសលីបង់ ហើយមនុស្ស ១,២លាននាក់ បានជម្លៀសខ្លួនចេញពីផ្ទះសម្បែងរបស់ពួកគេ ។
អ៊ីស្រាអែលនិយាយថា ទាហានរបស់របស់ពួកគេ និងជនស៊ីវិលប្រហែល ៥០នាក់ ត្រូវបានសម្លាប់ និងពលរដ្ឋ ៦ម៉ឺននាក់ នៅតំបន់សហគមន៍ភាគខាងជើងអ៊ីស្រាអែល បានជម្លៀសខ្លួន ៕