បេក្ខភាពប្រធានាធិបតីមកពីគណបក្សសាធារណរដ្ឋ លោក Donald Trump និងគូប្រជែងគណបក្សប្រជាធិបតេយ្យរបស់ខ្លួនគឺលោកស្រី Kamala Harris បានចោទប្រកាន់គ្នាទៅវិញទៅមកថាបានធ្វើឱ្យមានភាពមិនចុះសម្រុងគ្នាយ៉ាងជ្រាលជ្រៅនៅក្នុងប្រទេស ខណៈយុទ្ធនាការប្រធានាធិបតីសហរដ្ឋអាមេរិក បានឈានចូលដល់សប្តាហ៍ចុងក្រោយរបស់ខ្លួនកាលពីថ្ងៃពុធសប្ដាហ៍នេះ។
អតីតប្រធានាធិបតីនៃគណបក្សសាធារណរដ្ឋ បានផ្តោតលើការអត្ថាធិប្បាយកាលពីថ្ងៃអង្គាររបស់លោកប្រធានាធិបតីបក្សប្រជាធិបតេយ្យ Joe Biden ដែលលោកបាននិយាយថាបង្ហាញពីការមើលស្រាលរបស់មេដឹកនាំប្រជាធិបតេយ្យ ចំពោះក្រុមអ្នកគាំទ្រលោក Trump។
លោក Trump បាននិយាយនៅក្នុងរដ្ឋ North Carolina ដែលជារដ្ឋមួយក្នុងចំណោមរដ្ឋមានភាពប្រទាញប្រទង់គ្នាចំនួន៧ ត្រូវគេមើលឃើញ អាចសម្រេចជោគវាសនានៃការបោះឆ្នោតប្រធានាធិបតីថា អ្នកមិនអាចដឹកនាំអាមេរិកបានទេ ប្រសិនបើអ្នកមិនស្រឡាញ់ជនជាតិអាមេរិក ហើយអ្នកមិនអាចធ្វើជាប្រធានាធិបតីបានទេ ប្រសិនបើអ្នកស្អប់ប្រជាជនអាមេរិក។
ទន្ទឹមនឹងនេះដែរ លោកស្រីអនុប្រធានាធិបតី Harris បានជំរុញអ្នកបោះឆ្នោតនៅក្នុងរដ្ឋដូចគ្នានេះឱ្យងាកទៅចាប់អារម្មណ៍លើលោកTrump ដែលលោកស្រីបាននិយាយថាលោកTrump ផ្តោតលើការសោកសៅផ្ទាល់ខ្លួនរបស់លោកជាជាងតម្រូវការរបស់ប្រជាជនអាមេរិក។
លោកស្រីនិយាយថា ប្រសិនបើលោកជាប់ឆ្នោត នៅថ្ងៃទី១ លោក Donald Trump នឹងដើរចូលទៅក្នុងតំណែងនោះដោយកាន់បញ្ជីឈ្មោះសត្រូវ។ងាកទៅលោកTrumpវិញលោកនៅតែបន្តអះអាងមិនពិតថាការចាញ់ឆ្នាំ២០២០ចំពោះលោក Biden គឺដោយសារការក្លែងបន្លំយ៉ាងទូលំទូលាយ ហើយបានបង្ហើបថារូបលោកនឹងប្រឈមការបរាជ័យនៅឆ្នាំ២០២៤នេះទៀតមិនខាន ព្រោះលោកយល់ថាវាជារឿងអយុត្តិធម៌ ដោយបានដាក់ពាក្យបណ្តឹងជាមួយក្រុមអ្នកគាំទ្រនៅឆ្នាំនេះ ប្រឆាំងច្បាប់បោះឆ្នោតផ្សេងៗទូទាំងប្រទេស៕