អូឡាំពិក៖ វគ្គសិក្សាសាមគ្គីអូឡាំពិកស្ដីពីរដ្ឋបាលកីឡានៅខេត្តកែប ត្រូវបានបញ្ចប់ដោយជោគជ័យក្នុងដំណើរការសិក្សារយៈពេល ៤ថ្ងៃ ចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី១៤ ខែតុលាតាមប្រព័ន្ធអនឡាញ គ្រាដែលលោក ឆើម ណារ៉ុង ប្រធានការិយាល័យយុវជន និងកីឡានៃមន្ទីរអប់រំយុវជន និងកីឡាខេត្តកែបបានថ្លែងអំណរគុណគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា(NOCC) ដែលរៀបចំវគ្គនេះឡើងដើម្បីចែករំលែកចំណេះដឹងដល់មន្ដ្រី និងគ្រូនៅមូលដ្ឋានរបស់ខ្លួន។

លោក ឆើម ណារ៉ុង បានចាត់ទុកវគ្គនេះពិតជាមានសារៈសំខាន់ណាស់ ហើយសង្ឃឹមថា សិក្ខាកាមទាំង ២៥នាក់ដែលទទួលបានចំណេះដឹងក្នុងវគ្គបណ្ដុះបណ្ដាលរយៈពេលខ្លីនេះ នឹងយកពង្រឹង និងពង្រីកបន្ថែមដើម្បីផ្សព្វផ្សាយ និងចូលរួមអភិវឌ្ឍវិស័យកីឡាជាតិ ស្របពេលគោលនយោបាយរបស់រាជរដ្ឋាភិបាល ក៏ដូចជាក្រសួងអប់រំ យុវជន និងកីឡា និងគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ដើម្បីចូលរួមយុទ្ធនាការឆ្ពោះទៅធ្វើម្ចាស់ផ្ទះស៊ីហ្គេមឆ្នាំ២០២៣។ ថ្លែងក្នុងពិធីបិទ ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការ NOCC និងជាវាគ្មិនមួយរូបក្នុងវគ្គនេះ បានសម្ដែងការកោតសរសើរចំពោះស្មារតីចង់ចេះចង់ដឹងរបស់មន្ដ្រី និងគ្រូអប់រំកាយ និងកីឡានៃខេត្តកែវ ពិសេសពាក់ព័ន្ធដំណើរឆ្ពោះទៅព្រឹត្តិការណ៍ជាប្រវត្តិសាស្ដ្រនៅកម្ពុជា ដោយឯកឧត្តមចាត់ទុកការចង់ចេះចង់ដឹងនេះគឺជាកម្លាំងចលករដ៏សំខាន់មិនអាចខ្វះបាន សម្រាប់គ្រប់ភាគីពាក់ព័ន្ធ ពិសេសភាគីជំនាញដែលត្រូវសម្រួចជំនាញឲ្យបានគត់មុត ដើម្បីត្រៀមធ្វើម្ចាស់ផ្ទះស៊ីហ្គេមទាំងអស់គ្នា។
គួរដឹងថា នេះគឺជាលើកទី៣ ហើយដែលគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជារៀបចំវគ្គរដ្ឋបាលកីឡានេះឡើង បន្ទាប់ពីរៀបចំដោយជោគជ័យដូចគ្នានៅរាជធានីភ្នំពេញ និងខេត្តតាកែវ កាលពីថ្មីៗ ក្រោមជំនួយឧបត្ថម្ភរបស់អង្គការសាមគ្គីអូឡាំពិក និងមានការសម្របសម្រួលពីក្រសួងអប់រំ យុវជន និងកីឡា។ ហើយនៅក្នុងពេលឆាប់ៗខាងមុខ NOCC នឹងបន្ដរៀបចំវគ្គនេះនៅខេត្តមណ្ឌលគិរីវិញម្ដង ដែលជាវគ្គចុងក្រោយក្នុងឆ្នាំ២០២១ នេះ៕
អត្ថបទ៖ លី ឈុនឡា