យោងតាមអាជ្ញាធរបានឱ្យដឹងថា អ្នកកាសែតនៅប្រទេសម៉ិកស៊ិក ២នាក់ ត្រូវបានបាញ់សម្លាប់ក្នុងរយៈពេលតិចជាង ២៤ម៉ោងនៅក្នុងរដ្ឋភាគខាងលិចដ៏ហិង្សា ខណៈប្រទេសនេះប្រឈមមុខនឹងកំណើនអំពើហិង្សាជាបន្តបន្ទាប់នៅក្នុងតំបន់។

ការិយាល័យរដ្ឋអាជ្ញាប្រចាំរដ្ឋបានប្រាប់សារព័ត៌មានរ៉យទ័រថា អ្នករាយការណ៍ព័ត៌មានកម្សាន្តម៉ិកស៊ិកម្នាក់ ឈ្មោះ ប៉ាទ្រីស្ហា រ៉ាមីរ៉េស (Patricia Ramirez) ត្រូវបានបាញ់សម្លាប់នៅរដ្ឋ កៅលីម៉ា (Colima) ភាគខាងលិចកាលពីរសៀលថ្ងៃពុធ (៣០ តុលា) ហើយម្នាក់ទៀតជាប្រធានសារព័ត៌មានអនឡាញ ត្រូវបានសម្លាប់កាលពីល្ងាចថ្ងៃអង្គារ ឈ្មោះ ម័ររីស៊ីអូ គ្រូស (Mauricio Cruz) នៅក្នុងទីក្រុង អ៊ូរ័រប៉ាន (Uruapan) ក្នុងរដ្ឋ មីឆ័រកាន (Michoacan) ភាគខាងលិចដែលញាំញីដោយអំពើហិង្សា។

នេះជារឿងដ៏រន្ធត់សម្រាប់បណ្ដាញព័ត៌មាននៅម៉ិកស៊ិក ដែលត្រូវក្រុមសេរីភាពសារព័ត៌មាន ដាក់ឱ្យជាប់ចំណាត់ថ្នាក់ជាប្រទេសមួយក្នុងចំណោមប្រទេសដែលមានគ្រោះថ្នាក់បំផុតសម្រាប់អ្នកកាសែត។
ការសម្លាប់នេះជាករណីលើកដំបូងរបស់អ្នកសារព័ត៌មាន ក្រោមការដឹកនាំរបស់ប្រធានាធិបតីថ្មី លោកស្រី ក្លៅឌា សេនបោម (Claudia Sheinbaum) ដែលបានចូលកាន់តំណែងនៅដើមខែនេះ ហើយបានសន្យាថានឹងប្រយុទ្ធប្រឆាំងនឹងអំពើហិង្សា និងឧក្រិដ្ឋកម្ម៕