របាយការណ៍របស់រដ្ឋាភិបាល បាននិយាយនៅថ្ងៃព្រហស្បតិ៍ (៣១ តុលា) នេះថា ប្រទេសអូស្ត្រាលី នឹងត្រូវទប់ទល់នឹងរដូវកាលចំហេះព្រៃដែលកាន់តែយូរ និងគ្រោះថ្នាក់ជាងមុន រួមទាំងរលកកម្ដៅសមុទ្រដ៏ខ្លាំងក្លានៅប៉ុន្មានឆ្នាំខាងមុខ ខណៈការផ្លាស់ប្តូរយ៉ាងឆាប់រហ័សនៃគំរូអាកាសធាតុ អាចបណ្តាលឱ្យមានថ្ងៃក្ដៅកាន់តែច្រើន និងថ្ងៃត្រជាក់កាន់តែតិច។

មហាសមុទ្រជុំវិញអូស្ត្រាលី កំពុងបន្តឡើងកម្ដៅដោយកំណើនឧស្ម័នកាបូនឌីអុកស៊ីតក្នុងបរិយាកាស ដែលនាំឱ្យមហាសមុទ្រមានជាតិអាស៊ីតកាន់តែច្រើន ជាពិសេសនៅភាគខាងត្បូងនៃប្រទេស នេះបើតាមការិយាល័យឧតុនិយម និងទីភ្នាក់ងារវិទ្យាសាស្ត្រជាតិ CSIRO បាននិយាយនៅក្នុងរបាយការណ៍អាកាសធាតុរួមគ្នាប្រចាំឆ្នាំ។

អ្នកគ្រប់គ្រងផ្នែកស្រាវជ្រាវ CSIRO លោកស្រី ចាស៊ី ប្រោន (Jaci Brown) បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍អមជាមួយរបាយការណ៍នេះថា "ការកើនឡើងនៃកម្រិតទឹកសមុទ្រនៅជុំវិញអូស្ត្រាលី កំពុងបង្កើនហានិភ័យទឹកជំនន់ និងការខូចខាតដល់ហេដ្ឋារចនាសម្ព័ន្ធឆ្នេរសមុទ្រ និងសហគមន៍"។

អូស្ត្រាលី ដែលជាប្រទេសផលិតដំណាំដ៏ធំមួយ បានជួបប្រទះនឹងព្រឹត្តិការណ៍អាកាសធាតុកាន់តែធ្ងន់ធ្ងរឡើងក្នុងមួយទសវត្សរ៍ចុងក្រោយនេះ ដូចជាទឹកជំនន់ញឹកញាប់ គ្រោះរាំងស្ងួត រលកកម្ដៅក្នុងសមុទ្រ និងចំហេះព្រៃដ៏រីករាលដាល ដែលអ្នកជំនាញមួយចំនួនចាត់ទុកថាជាបម្រែបម្រួលអាកាសធាតុ៕