ហ្វីលីពីន៖ អាជ្ញាធរបាននិយាយកាលពីថ្ងៃព្រហស្បតិ៍ ទី១៤ ខែតុលាថា ចំនួនអ្នកស្លាប់ដោយសារព្យុះដែលបង្កឲ្យមានបំណាក់ដី និងទឹកជំនន់ដ៏គំហុកទូទាំងប្រទេសហ្វីលីពីនបានកើនឡើងដល់ ១៩នាក់ ដែលទាក់ទងនឹងភ្លៀងធ្លាក់ខ្លាំងដោយសារការប្រែប្រួលអាកាសធាតុ។ មនុស្សសរុបចំនួន ១៤នាក់ត្រូវបានគេរាយការណ៍ថាបានបាត់ខ្លួន។

អ្នកនាំពាក្យទីភ្នាក់ងារគ្រោះមហន្តរាយជាតិលោក Mark Timbal បានប្រាប់សារព័ត៌មាន AFP ថា ព្យុះត្រូពិកធ្ងន់ធ្ងរ Kompasu បានបង្អុរទឹកភ្លៀងរយៈពេល ២ថ្ងៃក្នុងពេលជាងមួយខែ ខណៈដែលព្យុះនេះបានបោកបក់ពាសពេញប្រទេសប្រជុំកោះមួយនេះនៅសប្តាហ៍នេះ។ ខេត្តមួយចំនួននៅលើកោះ Luzon ដែលមានប្រជាជនច្រើនបំផុតត្រូវរងគ្រោះដោយខ្យល់ព្យុះ ដែលបណ្តាលឱ្យខូចខាតវិស័យកសិកម្មដែលគិតជាទឹកប្រាក់ជាងមួយពាន់លានប៉េសូ ឬស្មើ ២០លានដុល្លារអាមេរិក និងបំផ្លិចបំផ្លាញលំនៅឋានរាប់រយខ្នង។ មនុស្សស្លាប់ចំនួន ១៩នាក់ត្រូវបានបញ្ជាក់រហូតមកដល់ពេលនេះដែលភាគច្រើននៅខេត្ត Ilocos Sur ភាគពាយ័ព្យជាទីដែលជនរងគ្រោះភាគច្រើនត្រូវបានជាប់នៅក្នុងទឹកជំនន់ដ៏គំហុក៕
អត្ថបទ៖ សុខមាន