ការប្រកួតប្រជែងសម្រាប់កៅអីសេតវិមាននៅតែតឹងតែងមិនគួរឱ្យជឿ ខណៈបេក្ខភាពមកពីគណបក្សប្រជាធិបតេយ្យលោកស្រី Kamala Harris នៅតែបន្តនាំមុខតិចតួចស្ដួចស្ដើងបំផុតលើលោក Donald Trump មកពីគណបក្សសាធារណរដ្ឋនៅក្នុងការស្ទង់មតិថ្នាក់ជាតិចុងក្រោយបំផុតនៅសប្ដាហ៍នេះ ពោលនៅសល់មិនដល់មួយសប្ដាហ៍ទៀតការបោះឆ្នោតថ្ងៃទី៥ខែវិច្ឆិកានឹងចូលមកដល់។

នៅក្នុងការស្ទង់មតិមុនការបោះឆ្នោតចុងក្រោយដោយស្ថាប័នសេដ្ឋវិទូ Economist និងYouGov ចេញផ្សាយកាលពីថ្ងៃពុធសប្ដាហ៍នេះ លោកស្រី Harris បាននាំមុខបន្តិចបន្តួចលើលោក Trump ក្នុងចំណោមអ្នកបោះឆ្នោតដែលបានចុះឈ្មោះ។

គិតត្រឹមថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ គឺនៅសល់ពេលមិនដល់មួយសប្តាហ៍ទៀតរហូតដល់ថ្ងៃបោះឆ្នោត បេក្ខជនទាំងពីរនាក់បាននិងកំពុងសម្រុកយុនាការជើងចុងក្រោយរៀងៗខ្លួន ទៅកាន់ក្រុមអ្នកបោះឆ្នោត និងរដ្ឋសំខាន់ៗដើម្បីទាក់ទាញក្រុមអ្នកមិនទាន់សម្រេចចិត្ត ទន្ទឹមនឹងការបង្កើនវោហារសាស្ត្ររបស់ខ្លួនវាយប្រហារគូប្រជែង។
លោកស្រី Harris និយាយថា យើងនៅសល់ពេលត្រឹមតែ៦ថ្ងៃទៀតទេសម្រាប់ការបោះឆ្នោតដ៏សំខាន់បំផុតនៃឆាកជីវិតរបស់យើងនឹងចូលមកដល់ហើយ។
ចំណែកការស្ទង់មតិ Fox News Poll of Michigan របស់ទូរទស្សន៍ Fox News បានរកឃើញថា លោកស្រី Kamala Harris កាន់២ពិន្ទុក្នុងដៃនាំមុខលោក Donald Trump ។គំហើញនេះគឺជាផ្នែកមួយនៃគំនិតរបស់ម្ចាស់ឆ្នោតនៅរដ្ឋ Michiganដែលកំពុងមានការវែកញែកថាតើបេក្ខជនរូបណា នឹងអាចដោះស្រាយបញ្ហាសេដ្ឋកិច្ចបានល្អជាង៕