គណៈកម្មការស៊ើបអង្កេតឯករាជ្យអន្តរជាតិ នៅដែនដីប៉ាឡេស្ទីន រួមទាំងទីក្រុងហ្សេរុយសាឡឹមខាងកើត និងអ៊ីស្រាអែល កាលពីថ្ងៃពុធ ទី៣០ ខែតុលា បានថ្កោលទោស សម្រាប់ចំនួនកុមារស្លាប់ច្រើន នៅតំបន់ហ្កាហ្សា ក្នុងពេលមានការវាយលុករបស់អ៊ីស្រាអែល នៅក្នុងតំបន់ហ៊ុមព័ទ្ធប៉ាឡេស្ទីន។

លោកស្រី Miloon Kothari និង លោក Chris Sidoti បាននិយាយនៅក្នុងសន្និសីទសារព័ត៌មាន របស់អង្គការសហប្រជាជាតិ ដោយលោក Sidoti បានលើកឡើងថា កុមារអ៊ីស្រាអែល៣៨នាក់ ត្រូវបានសម្លាប់នៅថ្ងៃទី៧ ខែតុលាឆ្នាំ២០២៣ ហើយយ៉ាងហោចណាស់កុមារប៉ាឡេស្ទីន ១៣.៣១៩នាក់ បានស្លាប់នៅក្នុងការវាយប្រហាររបស់អ៊ីស្រាអែល ចាប់តាំងពីពេលនោះមក។

លោកបានសង្កត់ធ្ងន់ថា «កុមារពុំមែនជាភេរវករទេ» និងបានព្រមានថា ជម្លោះនេះ បង្កហានិភ័យដែលនឹងការប្រែក្លាយដែនដីនេះ ទៅជា «រោងចក្របង្កើតអំពើភេរវកម្ម» ក្នុងរយៈពេលប៉ុន្មានទសវត្សរ៍ខាងមុខ។
លោកស្រី Kothari បានជំរុញឱ្យមេដឹកនាំពិភពលោកផ្លាស់ប្តូរវិធីសាស្រ្តរបស់ពួកគេ ចំពោះរដ្ឋទាំងពីរ ដោយទទូចលើភាពខុសគ្នា រវាងអ្នកកាន់កាប់ និងអ្នកចូលមកកាន់កាប់។
លោកស្រី និយាយថា «ត្រូវតែបែងចែករវាងពួកគេ ដូច្នេះ មួយជាអ្នកកាន់កាប់ ហើយមួយទៀតជាអ្នកចូលមកកាន់កាប់» ដោយអំពាវនាវឱ្យរដ្ឋ នៅក្រោមច្បាប់អន្តរជាតិដើម្បីរារាំងការគាំទ្រផ្នែកយោធា និងនយោបាយ សម្រាប់ការកាន់កាប់នេះ។