ក្រសួងទេសចរណ៍ និងស្ថានទូតឥណ្ឌាប្រចាំកមកម្ពុជា បានរៀបចំវេទិកាទេសចរណ៍កម្ពុជា ឥណ្ឌា ឆ្នាំ២០២៤ ដើម្បីលើកកម្ពស់វិស័យទេសចរណ៍នៃប្រទេសទាំងពីរ។ព្រឹត្តិការណ៍ទេសចរណ៍នេះក្រោមប្រធានបទ «សក្តានុពលនៃទីផ្សារទេសចរណ៍ឥណ្ឌាសម្រាប់វិស័យទេសចរណ៍កម្ពុជា៖ កាលានុវត្តភាព និងការត្រៀមលក្ខណៈសម្បត្តិ» ដែលធ្វើឡើង នៅខេត្តសៀមរាបនាថ្ងៃទី៣១ខែតុលាឆ្នាំ២០២៤នេះ ។
ឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្ដីក្រសួងទេសចរណ៍លើកឡើងថា ព្រឹត្តិការណ៍នេះ ក៏ជាសកម្មភាពមួយក្នុងចំណោមសកម្មភាពសំខាន់ៗ ដែលក្រសួងទេសចរណ៍ បានទទួលគោលការណ៍អនុញ្ញាតពីរាជរដ្ឋាភិបាល ក្នុងការអនុវត្តគាំទ្រដល់យុទ្ធនាការ «ឆ្នាំទេសចរណ៍ កម្ពុជា-ឥណ្ឌា លើកទី១ ឆ្នាំ២០២៤» ដែលត្រូវបានប្រកាសបើកជាផ្លូវការកាលពីថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៤ នៅទីក្រុងញូដេលី នៃសាធារណរដ្ឋឥណ្ឌា ស្របជាមួយការបើកជើងហោះហើរត្រង់ជាប្រវត្តិសាស្ត្ររវាងប្រទេសទាំងពីរដោយក្រុមហ៊ុនអាកាសចរណ៍ជាតិ កម្ពុជាអង្គរអ៊ែរ។ឯកឧត្ដមបន្ដថា កាលពីឆ្នាំ២០២៣កន្លងមក កម្ពុជាបានទទួលទេសចរអន្តរជាតិប្រមាណ៥,៤៥ លាននាក់ ក្នុងនោះ ភ្ញៀវទេសចរឥណ្ឌាមានចំនួនប្រមាណ ៦,៩ ម៉ឺននាក់ និងទេសចរជាតិប្រមាណ១៨,៥ លាននាក់។ ដោយឡែក សម្រាប់រយៈពេល ៨ខែ ដើមឆ្នាំ២០២៤ កម្ពុជាបានទទួលទេសចរអន្តរជាតិប្រមាណ៤,២៩ លាននាក់ កើនឡើង ២២,៥% ក្នុងនោះ ទេសចរឥណ្ឌាមានចំនួនប្រមាណ ៥ ម៉ឺននាក់ កើនឡើង ១៥,២%។វិស័យទេសចរណ៍កម្ពុជា ផ្សារភ្ជាប់យ៉ាងជិតស្និតជាមួយប្រទេសឥណ្ឌាដែលមានទាំងលំហូរទេសចរ និងវិនិយោគឥណ្ឌាផងដែរ។ឯកឧត្ដមបន្ដថា កំណើនទេសចរឥណ្ឌា គឺជាកាលានុវត្តន៍សំខាន់ ដែលមិនត្រឹមតែជំរុញនូវការអភិវឌ្ឍវិស័យទេសចរណ៍ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបង្កើតនូវឱកាសវិនិយោគក្នុងវិស័យផ្សេងៗទៀតសម្រាប់មូលដ្ឋាននៃកំណើនសេដ្ឋកិច្ច និងការអភិវឌ្ឍប្រទេសជាតិរបស់កម្ពុជា។តាមរយៈព្រឹត្តិការណ៍នានារួមគ្នារវាងកម្ពុជា-ឥណ្ឌា ក្នុងក្របខណ្ឌនៃយុទ្ធនាការ “ឆ្នាំទេសចរណ៍ កម្ពុជា-ឥណ្ឌា លើកទី១ ឆ្នាំ២០២៤” នាពេលនេះ នឹងអាចផ្សព្វផ្សាយកាន់តែច្បាស់ពីវប្បធម៌ ប្រពៃណី និងសក្តានុពលទេសចរណ៍របស់ប្រទេសយើងទាំងពីរ ដែលនឹងមិនត្រឹមតែចូលរួមដល់ការពង្រឹងចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការល្អ ការបង្កើនទំនាក់ទំនងលើវិស័យទេសចរណ៍រវាងកម្ពុជា-ឥណ្ឌាប៉ុណ្ណោះទេ ប៉ុន្តែក៏បង្ហាញពីការយកចិត្តទុកដាក់ជាអាទិភាពយ៉ាងសំខាន់លើប្រភពទីផ្សារឥណ្ឌាសម្រាប់វិស័យទេសចរណ៍កម្ពុជាផងដែរ។ព្រឹត្តិការណ៍នេះក៏នឹងផ្តល់ឱកាសឱ្យអ្នកជំនាញទេសចរណ៍ វិស័យឯកជន ភាគីពាក់ព័ន្ធនៃប្រទេសទាំងពីរបានជួបជុំពិភាក្សា ចែករំលែកគំនិតថ្មីៗ ផ្លាស់ប្តូរបទពិសោធន៍ល្អៗ និងរិះរកយុទ្ធសាស្ត្រចូលរួមអភិវឌ្ឍទេសចរណ៍ប្រកបដោយចីរភាព និងភាពទទួលខុសត្រូវ និងផ្ដល់ឱកាសសម្រាប់វិស័យឯកជននៃប្រទេសទាំងពីរបានជួបជុំគ្នា ពង្រឹងទំនាក់ទំនងទៅវិញទៅមក។«ឆ្នាំទេសចរណ៍កម្ពុជា-ឥណ្ឌាលើកទី១» ត្រូវបានបើកនៅទីក្រុងញូវដេលី ប្រទេសឥណ្ឌារួចហើយកាលពីខែមិថុនា កន្លងទៅ៕




