ព្រះសីហនុ ៖ រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា រួមជាមួយព្រះរាជវង្សានុវង្ស ថ្នាក់ដឹកនាំ មន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ គ្រប់ក្រសួង រដ្ឋលេខាធិការដ្ឋាន ស្ថាប័ន រដ្ឋបាលរាជធានី ខេត្ត និងប្រជាពលរដ្ឋទូទាំងប្រទេស នឹងរៀបចំពិធីគោរពព្រះវិញ្ញាណក្ខន្ធ ព្រះករុណា ព្រះបរមរតនកោដ្ឋ គម្រប់ខួប ៩ឆ្នាំនៅថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២១។
ដើម្បីតបស្នងព្រះមហាករុណាទិគុណ និងព្រហ្មវិហារធម៌ដ៏ថ្លៃថ្លា ឧត្តុង្គឧត្តម វិសេសវិសាលរបស់ព្រះអង្គ ដែលបានលះបង់ព្រះកាយពលព្រះបញ្ញាញាណ ក្នុងព្រះរាជសកម្មភាព ដើម្បីបុព្វហេតុឯករាជ្យជាតិ បូរណភាពទឹកដីផ្សះផ្សាជាតិ បង្រួបបង្រួមជាតិ និងអភិវឌ្ឍន៍លើគ្រប់វិស័យ។
ដោយឡែករដ្ឋបាលខេត្តព្រះសីហនុ បានធ្វើការណែនាំ ១-គ្រប់មន្ទីរ អង្គភាព រដ្ឋបាលក្រុង ស្រុក ឃុំ សង្កាត់ ត្រូវរៀបចំតាំង ព្រះបរមឆាយាល័ក្ខណ៍ ព្រះករុណា “ព្រះបរមរតនកោដ្ឋ ដោយបំភ្លឺភ្លើងពណ៌ លើកទង់ជាតិទង់សាសនា ទង់ព្រះមហាក្សត្រ បដាពាក្យស្លោកព្រមទាំងណែនាំដល់បណ្តាក្រុមហ៊ុន រោងចក្រ សហគ្រាស គ្រឹះស្ថានសាធារណៈ សាលារៀន និងបំផុសប្រជាពលរដ្ឋឱ្យលើកទង់ជាតិគ្រប់គេហដ្ឋាន។
២-មន្ទីរធម្មការ និងសាសនាខេត្ដ ត្រូវផ្សព្វផ្សាយដល់គ្រប់វត្តអារាម មណ្ឌល វិបស្សនា អាស្រម ព្រះពុទ្ធសាសនា ពាហិរសាសនា រៀបចំពិធីឧទ្ទិសថ្វាយព្រះរាជកុសលដល់ព្រះវិញ្ញាណក្ខន្ធ ព្រះករុណា “ព្រះបរមរតនកោដ្ឋ” ទៅតាមប្រពៃណី សាសនា ដោយត្រូវអនុវត្តនូវវិធានការការពារនានារបស់ក្រសួងសុខាភិបាល គឺត្រូវពាក់ម៉ាស ធ្វើការវាស់កម្ដៅ រក្សាអនាម័យ លាងដៃសាប៊ូ ឬអាល់កុល ជែល និងរក្សាគម្លាតសុវត្ថិភាពសង្គម-បុគ្គល និងរៀបចំតាំងព្រះបរមឆាយាល័ក្ខណ៍ ព្រះករុណាព្រះបរមរតនកោដ្ឋ” ដោយបំភ្លឺភ្លើងពណ៌ លើកទង់ជាតិ ទង់សាសនា ទង់ព្រះមហាក្សត្រ បដាពាក្យស្លោក។
៣-មន្ទីរព័ត៌មានខេត្ត សហការផ្សព្វផ្សាយ ពិធីគោរពព្រះវិញ្ញាណក្ខន្ធ ព្រះករុណា “ ព្រះបរមរតនកោដ្ឋ” គម្រប់ខួប ៩ឆ្នាំ ឱ្យបានទូលំទូលាយតាមវិទ្យុ ទូរទស្សន៍ជាតិ ឯកជន និងចាក់ផ្សាយអំពីព្រះរាជជីវប្រវត្តិ ព្រះរាជសកម្មភាព និងស្នាព្រះហស្តរបស់ ព្រះករុណា ព្រះបរមរតនកោដ្ឋ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតចំពោះជាតិ សាសនា និងប្រជារាស្ត្រ។
៤-មន្ទីរសុខាភិបាលខេត្ត ត្រូវចាត់គ្រូពេទ្យ រថយន្តគិលានសង្គ្រោះ ត្រៀមថ្នាំសង្កូវ និងសម្ភារបរិក្ខារ បម្រើដល់វិធានការប្រយុទ្ធទប់ស្កាត់ និងជំងឺកូវីដ-១៩ ជូនដល់សាធារណៈជន ដែលអញ្ជើញមកដុតធូបគោរពព្រះ វិញ្ញាណក្ខន្ធព្រះករុណា “ព្រះបរមរតនកោដ្ឋ” នៅបរិវេណមុខសាលាខេត្ត និងភ្ញៀវទេសចរដែលមកកម្សាន្តនៅខេត្ត។
៥-ស្នងការដ្ឋាននគរបាលខេត្ត បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត និងតំបន់ប្រតិបត្តិការសឹករងព្រះសីហនុ ត្រូវចូលរួមសហការ ការពារសន្តិសុខ រក្សាសណ្តាប់ធ្នាប់ របៀបរៀបរយ និងធានាសុវត្ថិភាព ជូនប្រជាពលរដ្ឋ និងភ្ញៀវទេសចរមកសម្រាកកម្សាន្ត នៅខេត្តព្រះសីហនុ។ ជាមួយគ្នានេះ ត្រូវពង្រឹងការអនុវត្តវិធានរដ្ឋបាល និងវិធានការសុខាភិបាលឱ្យបានម៉ឺងម៉ាត់ ជាពិសេសវិធានការ ៣កុំ ៣ការពារ របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ឱ្យបានខ្ជាប់ខ្ជួន។
គួររំឭកផងដែរថា ព្រះករុណាព្រះបាទសម្តេច ព្រះនរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតាឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ ព្រះអង្គប្រសូតនៅថ្ងៃអង្គារ ១១កើត ខែកត្តិក ឆ្នាំច ចត្វាស័ក ព.ស. ២៤៦៥ ត្រូវនឹងថ្ងៃទី៣១ ខែតុលា ឆ្នាំ១៩២២។ ព្រះអង្គ បានយាងចូលព្រះទិវង្គត នៅថ្ងៃចន្ទ ១៥រោច ខែភទ្របទ ឆ្នាំរោង ចត្វាស័ក ព.ស. ២៥៥៦ ត្រូវនឹងថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១២ ក្នុងព្រះជន្មាយុ ៩០ព្រះវស្សា ដោយទទួលព្រះបរមបច្ឆាមរណនាម ”ព្រះបរមរតនកោដ្ឋ”។ នេះយោងតាមសេចក្ដីណែនាំ លេខ០២៦/២១ សណន ចុះថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២១ របស់រដ្ឋបាលខេត្ដព្រះសីហនុ៕
អត្ថបទ ៖ ប៊ុនថា



