ចៅក្រមបានបង្គាប់ឱ្យគ្រប់ភាគីទាំងអស់ រួមទាំងលោក Elon Musk ចូលរួមសវនាការក្នុងទីក្រុង ហ្វីឡាឌែលហ្វៀ (Philadelphia) នៅថ្ងៃព្រហស្បតិ៍ (៣១ តុលា) នេះ ក្នុងបណ្តឹងទាមទារឱ្យគណៈកម្មាធិការសកម្មភាពនយោបាយ PAC ដែលគ្រប់គ្រងដោយមហាសេដ្ឋីរូបនេះ បញ្ឈប់ការផ្ដល់រង្វាន់ ១លានដុល្លារ ដល់អ្នកបោះឆ្នោតអាមេរិកដែលបានចុះឈ្មោះនៅក្នុងបណ្ដារដ្ឋប្រទាញប្រទង់ មុនការបោះឆ្នោតអាមេរិកថ្ងៃទី០៥ ខែវិច្ឆិកា។

ការិយាល័យមេធាវីប្រចាំតំបន់ Philadelphia បានដាក់ពាក្យបណ្តឹងនេះកាលពីថ្ងៃចន្ទ ដោយហៅការផ្តល់រង្វាន់ដោយក្រុម PAC របស់លោក Musk ដែលគាំទ្រលោកអតីតប្រធានាធិបតី Donald Trump ថាជា "រង្វាន់ខុសច្បាប់" ដែលបានទាក់ទាញអ្នករស់នៅរដ្ឋ Pennsylvania ឱ្យចែករំលែកទិន្នន័យផ្ទាល់ខ្លួន។

លោក Musk បានសន្យាថានឹងផ្តល់ប្រាក់ ១លានដុល្លារជារៀងរាល់ថ្ងៃ ដល់អ្នកមានសំណាងណាម្នាក់ដែលបានចុះហត្ថលេខាលើញត្តិស្តីពីសិទ្ធិបញ្ចេញមតិដោយសេរី និងសិទ្ធិកាំភ្លើងតាមអ៊ីនធឺណិត។

អ្នកជំនាញផ្នែកច្បាប់ជាច្រើន កាលពីសប្តាហ៍មុន មានការខ្វែងគំនិតគ្នាលើថា តើប្រាក់រង្វាក់នេះរំលោភលើច្បាប់សហព័ន្ធឬទេ ដែលបានចែងថា ការផ្ដល់ប្រាក់ ឬស្នើផ្តល់ប្រាក់ឱ្យបុគ្គលម្នាក់ដើម្បីចុះឈ្មោះបោះឆ្នោតជារឿងខុសច្បាប់៕