ការិយាល័យអាកាសធាតុរដ្ឋហ្វីលីពីន និយាយថា ព្យុះស៊ីក្លូន កង្រី (Kong-rey) បានបង្កើនកម្លាំង ទៅជាព្យុះទីហ្វុងដ៏មានឥទ្ធិពកាលពីថ្ងៃពុធសប្ដាហ៍នេះ ដែលគំរាមកំហែងបង្កការធ្លាក់ភ្លៀង និងខ្យល់បោកបក់ខ្លាំង ក្នុងតំបន់ជាច្រើននៅភាគខាងជើងប្រទេសហ្វីលីពីន ។

ការព្រមាននេះ បានកើតមានឡើង ខណៈក្រសួងការពារជាតិហ្វីលីពីន បានរាយការណ៍ពីចំនួនអ្នកស្លាប់រាប់សិបនាក់បន្ថែមទៀត ពីទឹកជំនន់ និងបំណាក់ដីដ៏ធំបង្កឡើងដោយសារព្យុះត្រូពិកត្រាមី (Trami) ដែលនាំឲ្យចំនួនអ្នកស្លាប់សរុបចាប់តាំងពីសប្ដាហ៍មុនមកឡើងដល់១៥០នាក់ ។ទីក្នាក់នេះនិយាយថាមនុស្ស៣៧នាក់ផ្សេងទៀតកំពុងបាត់ខ្លួននៅឡើយ។

ខណៈក្រុមបុគ្គលិកទីភ្នាក់ងារនេះ ប្រឹងប្រែងប្រជែងពេលវេលាដើម្បីស្វែងរកអ្នកបាត់ខ្លួន ភូមិស្រុក ផ្លូវ និងស្ពាន ដែលរងការខូចខាត ត្រូវបានស្ដារឡើងវិញ ព្រមទាំងបានចែកចាយជំនួយ រួមទាំង សម្លៀកបំពាក់ដល់អ្នកភូមិរាប់ពាន់នាក់ដែលបានភៀសខ្លួន ពេលនេះរដ្ឋាភិបាល បានផ្ដោតលើលទ្ធភាពដែលអាចមានការបំផ្លិចបំផ្លាញថ្មីទៀតដោយសារព្យុះទីហ្វុងកង្រីដែលបានបោកបក់លើប្រទេសនេះកាលពីដើមសប្ដាហ៍នេះដែរ។
មកទល់នឹងពេលនេះរដ្ឋាភិបាលពុំទាន់បានបញ្ជាក់ពីរបាយការណ៍នៃអ្នកស្លាប់ឬរបួសពាក់ព័ន្ធនឹងព្យុះកង្រីនេះនៅឡើយទេ។

កាលពីថ្ងៃពុធ ការិយាល័យខាងលើបានតាមដានកម្លាំងខ្យល់របស់ព្យុះកង្រីបោកបក់យឺតៗ ស្ថិតនៅចម្ងាយ៣៥០គីឡូម៉ែត្រភាគខាងកើតខេត្តកាហ្កាយ៉ាន (Cagayan) ក្នុងប្រទេសហ្វីលីពីនភាគខាងជើង ហើយបាននាំល្បឿនខ្យល់ ១៨៥គីឡូម៉ែត្រ ក្នុងមួយម៉ោង និងកម្លាំងបក់បោក២៣០គីឡូម៉ែត្រ ក្នុងមួយម៉ោង៕