តុលាការម៉ាឡេស៊ីបានសម្រេចកាលពីថ្ងៃពុធសប្ដាហ៍នេះថា អតីតនាយករដ្ឋមន្ត្រីលោក Najib Razak ដែលជាប់ពន្ធនាគារ នឹងត្រូវការពារខ្លួនទល់នឹងការចោទប្រកាន់ពីបទរំលោភអំណាច និងការសម្អាតប្រាក់ពាក់ព័ន្ធទៅនឹងមូលនិធិអធិបតេយ្យ 1MDB ដែលរង្គោះរង្គើដោយរឿងអាស្រូវ។

ប្រធានចៅក្រម លោក Collin Lawrence Sequerah បាននិយាយថា ការស៊ើបសួរត្រូវបានធ្វើឡើងដោយជោគជ័យដែលថាលោក Najib មានកាតាព្វកិច្ចត្រូវឆ្លើយ៤សំណុំរឿង ពីបទរំលោភអំណាច ពាក់ព័ន្ធទៅនឹងការចោទប្រកាន់ពីបទទទួលសំណូកដែលមានទឹកប្រាក់២,២៧ពាន់លានរីងហ្គីត ឬស្មើ៥១៧លានដុល្លារ ព្រមទាំងរឿងក្ដីសម្អាតប្រាក់២១ករណីទៀត ។

លោក Sequerah បានប្រាប់តុលាការថា បន្ទាប់ពីការវាយតម្លៃអតិបរមានៃភ័ស្តុតាង ខ្ញុំយល់ថាការស៊ើបសួរនោះ បង្ហាញពីការពិតនៃអង្គហេតុការចោទប្រកាន់នានា។
មានរយៈពេល៦ឆ្នាំ បន្ទាប់ពីត្រូវបានចោទប្រកាន់ជាលើកដំបូង លោក Najib បានបង្ហាញមុខនៅក្នុងសវនាការនៅក្នុងឈុតពណ៌ទឹកប៊ិចកាលពីថ្ងៃពុធសប្ដាហ៍នេះ ហើយដូចជាមានភាពស្ងប់ស្ងាត់បន្ទាប់ពីបានស្តាប់សាលក្រម។
បុរសវ័យ ៧១ ឆ្នាំ រូបនេះ បានប្រាប់តុលាការថាលោកនឹងប្រកាន់ជំហរការពារខ្លួនរបស់លោកនៅឯការជម្រះក្តីដែលគ្រោងនឹងចាប់ផ្តើមនៅថ្ងៃទី ២ ខែធ្នូ។ប្រសិនបើត្រូវរកឃើញថាមានទោស លោក Najib ប្រឈមនឹងការជាប់ពន្ធនាគាររយៈពេល២០ឆ្នាំ និងផាកពិនិយ្យជាទឹកប្រាក់៥ដងនៃចំនួនមូលនិធិដែលពាក់ព័ន្ធនោះ។មេធាវីជួរមុខរបស់ Najib លោក Muhammad Shafee Abdullah បាននិយាយថា កូនក្តីរបស់លោកមានការខកចិត្តយ៉ាងខ្លាំង ចំពោះការសម្រេចចិត្តរបស់តុលាការ ខណៈមេធាវីការពារក្តីបានបង្ហាញអំណះអំណាងដែលពួកគេគិតថានឹងពិតជាពិចារណាដោយហ្មត់ចត់៕