អង្គការទេសន្តរប្រវេសន៍អន្តរជាតិ (IOM) ដែលជាទីភ្នាក់ងាររបស់អង្គការសហប្រជាជាតិ កាលពីថ្ងៃពុធ បានអំពាវនាវរកថវិកាចំនួន២៧,៨លានដុល្លារអាមេរិក ដើម្បីការពារ និងជួយដល់ជនអន្តោប្រវេសន៍ ជនភៀសខ្លួននៅខាងក្នុងប្រទេស និងប្រជាជនចល័ត ព្រមទាំងសហគមន៍ដែលពួកគេមានទំនាក់ទំនងជាមួយ ពីការផ្ទុះរាលដាលជំងឺអុតស្វា(mpox)។

អង្គការទេសន្តរប្រវេសន៍អន្តរជាតិ (IOM) និយាយថា ការអំពាវនាវនេះគឺដើម្បីឆ្លើយតបទៅនឹងការកើនឡើងនៃចំនួនប្រជាជនដែលរងផលប៉ះពាល់ដោយការផ្ទុះឡើងជំងឺអុតស្វា(mpox) ដែលកំពុងរាលដាលនៅទូទាំងផ្នែកជាច្រើនរបស់ទ្វីបអាហ្រ្វិក។
អង្គការ IOM និយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយដែលបានចេញផ្សាយនៅក្នុងរដ្ឋធានីណៃរ៉ូប៊ី ប្រទេសកេនយ៉ា ថា អង្គការ IOM សូមអំពាវនាវដល់ម្ចាស់ជំនួយអន្តរជាតិ រដ្ឋាភិបាល និងដៃគូនានា ឱ្យគាំទ្រការឆ្លើយតបជំងឺអុតស្វា(mpox) ដើម្បីការពារសុខភាព និងសុខុមាលភាពក្នុងសហគមន៍ដែលរងផលប៉ះពាល់ដោយការធ្វើអន្តោប្រវេសន៍។

អង្គការទេសន្តរប្រវេសន៍អន្តរជាតិ (IOM) បាននិងកំពុងឆ្លើយតបទៅនឹងជំងឺអុតស្វា(mpox) ចាប់តាំងពីការផ្ទុះឡើង និងការរាលដាលជំងឺ នាពេលថ្មីៗនេះ នៅក្នុងប្រទេសប៊ូរុនឌី សាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ ហ្គាណា ហ្គីណេ កេនយ៉ា នីហ្សេរីយ៉ា រ្វ៉ាន់ដា អាហ្វ្រិកខាងត្បូង អ៊ុយហ្គង់ដា ហ្សំប៊ី និងហ្ស៊ីមបាវ៉េ។
អង្គការ IOM និយាយថា ខ្លួនបានពង្រីកផែនការនៅអាហ្វ្រិកខាងកើត ញកអាហ្វ្រិក និងអាហ្វ្រិកខាងត្បូង ទៅជាផែនការត្រៀមនិងឆ្លើយតបជំងឺអុតស្វា(mpox)ពហុប្រទេសសម្រាប់ទ្វីបអាហ្រ្វិក ដែលនឹងមានរយៈពេលចាប់ពីខែកញ្ញា ឆ្នាំ២០២៤ ដល់ខែកុម្ភៈ ឆ្នាំ២០២៥។