ក្រុមមន្ត្រីក្រសួងការបរទេសសហរដ្ឋអាមេរិក បានរកឃើញគ្រោះថ្នាក់ជិត ៥០០ករណី ដែលមានភាពអាចទៅរួចខ្ពស់ថាជាឧប្បត្តិហេតុយ៉ាងបង្ហូរឈាមលើជនស៊ីវិល អំឡុងពេលប្រតិបត្តិការយោធារបស់អ៊ីស្រាអែល នៅតំបន់ហ្កាហ្សា ពាក់ព័ន្ធនឹងអាវុធដែលបំពាក់ដោយអាមេរិក ប៉ុន្តែមិនបានចាត់វិធានការអ្វីលើករណីទាំងនោះឡើយ នេះបើយោងតាមប្រភពចំនួន៣ រួមទាំងមន្ត្រីអាមេរិក បាននិយាយក្នុងសប្តាហ៍នេះ។

ប្រភពបានឱ្យដឹងថា ឧប្បត្តិហេតុទាំងនោះ ដែលមួយចំនួនអាចបំពានច្បាប់មនុស្សធម៌អន្តរជាតិ ត្រូវបានកត់ត្រាចាប់តាំងពីថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២៣ នៅពេលសង្រ្គាមហ្កាហ្សា ទើបចាប់ផ្តើម។ ព័ត៌មានទាំងនោះត្រូវបានប្រមូលដោយក្រុមឆ្លើយតបគ្រោះថ្នាក់ស៊ីវិលរបស់ក្រសួងការបរទេសអាមេរិក ដែលជាយន្តការផ្លូវការសម្រាប់ការតាមដាន និងវាយតម្លៃរាល់ការប្រើប្រាស់អាវុធអាមេរិក ក្នុងផ្លូវខុស។

យន្តការ ដែលត្រូវបានបង្កើតឡើងក្នុងខែសីហា ឆ្នាំ២០២៣នេះ អនុវត្តចំពោះគ្រប់ប្រទេសទាំងអស់ដែលទទួលបានអាវុធពីអាមេរិក ដោយមានបីដំណាក់កាល៖ ១-ការវិភាគឧប្បត្តិហេតុ ២-ការវាយតម្លៃផលប៉ះពាល់គោលនយោបាយ និង ៣-វិធានការសម្របសម្រួលពីក្រសួង នេះបើតាមការចុះផ្សាយរបស់ក្រសួងការបរទេសក្នុងខែធ្នូ ដែលបានពិនិត្យដោយសារព័ត៌មានរ៉យទ័រ។

ប្រភពអតីតមន្ត្រីអាមេរិកនិយាយថា ពុំមានករណីគ្រោះថ្នាក់ណាមួយនៅតំបន់ហ្កាហ្សា បានឈានដល់ដំណាក់កាលទីបីនៃការចាត់វិធានការនៅឡើយទេ ដោយបន្ថែមថា ជម្រើសសម្រាប់ដំណោះស្រាយលើករណីទាំងនោះ អាចមានជាច្រើន រាប់ចាប់ពីការធ្វើការជាមួយរដ្ឋាភិបាលរបស់អ៊ីស្រាអែល ដើម្បីជួយកាត់បន្ថយគ្រោះថ្នាក់ រហូតដល់ការផ្អាកអាជ្ញាប័ណ្ណនាំចេញអាវុធដែលមានស្រាប់ ឬផ្អាកអាវុធដែលត្រូវបានអនុម័តរួចនាពេលអនាគត៕