ឆ្មាំល្បាតឆ្នេរបារាំង បាននិយាយកាលពីថ្ងៃពុធ (៣០ តុលា) ថា មនុស្សម្នាក់បានស្លាប់នៅក្នុងការប៉ុនប៉ងឆ្លងផ្លូវទឹកទៅអង់គ្លេស ខណៈប្រព័ន្ធផ្សព្វផ្សាយរាយកាណ៍ថា សាកសពជនអន្តោប្រវេសន៍ ៣នាក់ ផ្សេងទៀតត្រូវបានរកឃើញនៅឯឆ្នេរមួយក្បែរនោះ។

ក្រុមសង្គ្រោះបានស្រង់មនុស្សប្រហែល ១៥នាក់ទៅកាន់ទីសុវត្ថិភាព ប៉ុន្តែមនុស្សម្នាក់បានស្លាប់ក្រោយការសង្គ្រោះបឋមមិនជោគជ័យ។ ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក និយាយថា នៅរសៀលថ្ងៃពុធ សាកសព ៣នាក់ត្រូវបានគេរកឃើញនៅឆ្នេរក្បែរនោះ ហើយថាការស៊ើបអង្កេតត្រូវបានបើក ដើម្បីរកមើលទំនាក់ទំនងរវាងហេតុការណ៍ទាំងពីរ។

ជនអន្តោប្រវេសន៍រាប់រយនាក់បានស្លាប់នៅឆ្នាំនេះ ក្នុងកិច្ចខិតខំប្រឹងប្រែងរបស់ពួកគេដើម្បីឆ្លងកាត់ផ្លូវទឹកតាមរយៈទូកតូចៗ និងផ្ទុកលើសទម្ងន់ បើទោះបីជាមានចរន្តទឹកខ្លាំងនៅក្នុងផ្លូវដឹកជញ្ជូនដ៏មមាញឹកបំផុតមួយរបស់ពិភពលោកនេះក៏ដោយ៕