ក្នុងអង្គសន្និបាតមន្ដ្រីជាន់ខ្ពស់ក្រសួងរៀបចំដែនដី បានណែនាំដល់មន្រ្តីសុរិយោដីខេត្តឧត្ដរមានជ័យ ទាំងអស់ត្រូវខិតខំបំពេញការងារជំនាញ និងសហការជាមួយមន្រ្តីមូលដ្ឋានឲ្យបានល្អ ដើម្បីរួមគ្នា ដោះស្រាយបញ្ហាដីធ្លី ដែលនៅសេសសល់ឲ្យបានលឿន និងឆាប់រហ័ស ដើម្បីសម្រេចការងារការចុះបញ្ជីដីធ្លីលក្ខណៈជាប្រព័ន្ធនេះ ឲ្យបានចប់សព្វគ្រប់ ទៅតាមផែនការ ដែលបានកំណត់ នៅឆ្នាំ២០២៥ នេះផងដែរ។
ឯកឧត្តម សេង ថាវី អនុរដ្ឋលេខាធិការក្រសួងរៀបំដែនដី និងនគរូបនីយកម្មសំណង់ និងសុរិយោដី ថ្លែងបែបនេះ ក្នុងអង្គសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងលើសទិសដៅការងារឆ្នាំ២០២៥របស់មន្ទីររៀបចំដែនដីនគរូបនីយកម្មសំណង់ និងសុរយោដីខេត្តឧត្តរមានជ័យ នាថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៤នេះ ព្រមទាំងមានការចូលរួមឯកឧត្តមប្រធានក្រុមប្រឹក្សាខេត្ត។
ជាមួយគ្នានោះដែរឯកឧត្តម មាន ចាន់យ៉ាដា អភិបាលខេត្តឧត្ដរមានជ័យ មានប្រសាសន៍ណែនាំដល់មន្រ្តីជំនាញនៃមន្ទីររៀបចំដែនដី និងសុរិយោដីខេត្ត ធ្វើយ៉ាងណាត្រូវខិតខំយកចិត្តទុកដាក់បន្តឲ្យបានខ្ពស់ចំពោះការងារជំនាញរបស់ខ្លួន ឲ្យបានកាន់តែល្អប្រសើរបន្ថែមទៀត ក្នុងការពន្លឿនការដោះស្រាយបញ្ហាដីធ្លីជូនដល់ប្រជាពលរដ្ឋ ក្នុងមូលដ្ឋានរបស់ខ្លួនឲ្យបានលឿន និងឆាប់រហ័ស។
ក្នុងនោះដែរ ឯកឧត្តម សេង ថាវី អនុរដ្ឋលេខាធិការក្រសួងរៀបំដែនដី ក៏បានកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងការងាររបស់បងប្អូនកន្លងមក លើការចុះបញ្ជីដីធ្លីលក្ខណៈជាប្រព័ន្ធជូនដល់ប្រជាពលរដ្ឋ នៅតាមបណ្តាលក្រុង/ស្រុកផងដែរ៕






