កីឡារាំ៖ លោកជំទាវ ញ៉ែម មរកត ប្រធានសហព័ន្ធកីឡារាំកម្ពុជាអាណត្តិទី៣ ឆ្នាំ២០១៧-២០២១ ត្រូវបានសមាជិកគណៈកម្មាធិការប្រតិបត្តិផ្តល់សេចក្តីទុកចិត្តបោះឆ្នោតគាំទ្រ បន្ដដឹកនាំជាប្រធានសហព័ន្ធសម្រាប់អាណត្តិទី៤ ឆ្នាំ២០២១-២០២៥ ក្នុងមហាសន្និបាតបញ្ចប់អាណត្តិចាស់បន្ដអាណត្តិថ្មី នៅទីស្នាក់ការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) កាលពីថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២១។

សមាជិកគណៈកម្មាធិការប្រតិបត្តិអាណត្តិថ្មីគឺមាន ១៣រូបក្នុងនោះក្រៅពីប្រធានសហព័ន្ធគឺមានអនុប្រធាន ៣រូបរួមមានឯកឧត្តម វ៉ាត់ ចំរើន លោកជំទាវ ម៉ក់ វណ្ណស៊ីថា និងឯកឧត្តមឧកញ៉ា ប៉ិច បូឡែន។ រីឯលោកស្រី ហង់ ស៊ីមន បន្ដតំណែងជាអគ្គលេខាធិការ លោកស្រី ស្រី ស៊ីវឡេង អគ្គលេខាធិការង និងលោកស្រី សោ ម៉ាល័យ ជាអគ្គហិរញ្ញឹក រួមទាំងសមាជិក ៦រូបផ្សេងទៀត។ លោកជំទាវ ញ៉ែម មរកត បានសម្ដែងនូវក្ដីរីករាយចំពោះការដឹកនាំ និងអភិវឌ្ឍវិស័យកីឡាកីឡារាំកន្លងមក ដើម្បីជាផ្នែកមួយក្នុងការចូលរួមអភិវឌ្ឍវិស័យកីឡាជាតិ ជាមួយរាជរដ្ឋាភិបាល ក្រសួងអប់រំ យុវជន និងកីឡា គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ក៏ដូចជាគណៈកម្មាធិការជាតិ CAMSOC ដើម្បីសម្រួចទិសដៅដណ្ដើមមេដាយលើឆាកអន្ដរជាតិ ពិសេសត្រៀមធ្វើម្ចាស់ផ្ទះស៊ីហ្គេមឆ្នាំ២០២៣។
ការណ៍នេះដើម្បីឆ្លើយតបនឹងការគាំទ្រ និងការផ្ដល់សេចក្ដីទុកចិត្តពីសមាជិក លោកជំទាវបានប្ដេជ្ញានឹងខិតខំដឹកនាំ និងអភិវឌ្ឍបន្ថែមទៀត ស្របតាមយុទ្ធសាស្ដ្ររបស់សហព័ន្ធឆ្ពោះទៅដណ្ដើមមេដាយមាសឲ្យបានជូនជាតិ ក្នុងនាមម្ចាស់ផ្ទះការប្រកួតកីឡាស៊ីហ្គេមនាឆ្នាំ២០២៣។ ទន្ទឹមជាមួយគ្នា លោកជំទាវក៏បានកោតសរសើរ និងមានមោទនភាពចំពោះការស្ម័គ្រចិត្តធ្វើការដោយឆន្ទៈខ្ពស់ និងអស់ពីបេះដូង ហើយព្រមទាំងចំណាយធនធានផ្ទាល់ខ្លួន ដើម្បីជួយជ្រោមជ្រែងដល់ដំណើរការអភិវឌ្ឍវិស័យកីឡារាំរបស់ថ្នាក់ដឹកនាំ និងសមាជិកនាពេលកន្លងមកផងដែរ៕
អត្ថបទ៖ លី ឈុនឡា