កូរ៉េខាងជើងបាននិយាយថា ខ្លួនបានសាកល្បងមីស៊ីលបាលីស្ទិកអន្តរទ្វីប (ICBM) កាលពីថ្ងៃព្រហស្បតិ៍ (ទី៣០ ខែតុលា) ដោយបានធ្វើឲ្យកាន់តែប្រសើរឡើងនូវអ្វីដែលខ្លួនហៅថា «អាវុធយុទ្ធសាស្ត្រដ៏មានឥទ្ធិពលបំផុតរបស់ពិភពលោក» ខណៈដែលទីក្រុងសេអ៊ូលបានព្រមានថា ទីក្រុងព្យុងយ៉ាងអាចទទួលបានបច្ចេកវិទ្យាមីស៊ីលពីរុស្ស៊ី ជាថ្នូរនឹងការជួយក្នុងសង្គ្រាមនៅអ៊ុយក្រែន។
ទីភ្នាក់ងារសារព័ត៌មានរដ្ឋ KCNA បានរាយការណ៍ថា មេដឹកនាំកូរ៉េខាងជើង លោក Kim Jong Un (គីម ជុងអ៊ុន) បានទៅមើលព្រឹត្តិការណ៍នោះផ្ទាល់ ហើយបាននិយាយថា ការសាកល្បងនេះ គឺជាការព្រមានដល់បណ្ដាពួកសត្រូវ ដែលបាននិងកំពុងគំរាមកំហែងដល់សន្តិសុខរបស់ប្រទេសលោក។
លោក គីម ដែលត្រូវបានដកស្រង់សម្ដីដោយទីភ្នាក់ងារសារព័ត៌មាន KCNA បានបញ្ជាក់ថា៖ «ការបាញ់សាកល្បងនេះ គឺជាសកម្មភាពយោធាដ៏សមស្របមួយ ដែលបំពេញបានទាំងស្រុងនូវគោលបំណងនៃការជូនដំណឹងដល់គូអរិ ដែលបានបង្កើនភាពតានតឹងក្នុងតំបន់ដោយចេតនា និងបានបង្កការគំរាមកំហែងដល់សន្តិសុខនៃសាធារណរដ្ឋរបស់យើងថ្មីៗនេះ ហើយយើងសុំប្រាប់ថា យើងត្រៀមខ្លួនរួចជាស្រេច ក្នុងការទប់ទល់»។
គួរបញ្ជាក់ថា ការបាញ់សាកល្បងនេះ កើតឡើងចំពេលមានការថ្កោលទោសជាអន្តរជាតិយ៉ាងសន្ធាប់ និងការកើនឡើងនូវការព្រមានពីអ្វីដែលសហរដ្ឋអាមេរិក និងប្រទេសដទៃនិយាយថា ជាការដាក់ពង្រាយទ័ពរបស់កូរ៉េខាងជើងចំនួន ១១.០០០នាក់ទៅកាន់ប្រទេសរុស្ស៊ី ដោយក្នុងនោះ ៣.០០០នាក់ មានវត្តមាននៅជិតព្រំដែនខាងលិចជាមួយអ៊ុយក្រែន។ ការបាញ់បង្ហោះនេះបាននាំឲ្យមានការថ្កោលទោសភ្លាមៗពីកូរ៉េខាងត្បូង ជប៉ុន និងសហរដ្ឋអាមេរិក។
តែអ្វីដែលសំខាន់បំផុតនោះ គឺថា ការបង្ហាញនូវសាច់ដុំនេះ ធ្វើឡើងតែប៉ុន្មានថ្ងៃប៉ុណ្ណោះ មុនការបោះឆ្នោតប្រធានាធិបតីសហរដ្ឋអាមេរិក ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃអង្គារសប្ដាហ៍ក្រោយ និងបន្ទាប់ពីការព្រមានពីទីភ្នាក់ងារស៊ើបការណ៍សម្ងាត់របស់កូរ៉េខាងត្បូង ដែលថា ទីក្រុងព្យុងយ៉ាងគ្រោងនឹងបាញ់បង្ហោះមីស៊ីល ICBM ដែលសាកល្បងបច្ចេកវិទ្យាដ៏មានឥទ្ធិពលខ្លាំងក្លាបំផុតរបស់ខ្លួន នៅក្នុងរង្វង់រយៈពេលនៃការបោះឆ្នោតនោះ៕