បេសកជនរុស្ស៊ីប្រចាំនៅអង្គការសហប្រជាជាតិ (UN) កាលពីថ្ងៃពុធ (ទី៣០ ខែតុលា) បានចោទសួរថា ហេតុអ្វីបានជាសម្ព័ន្ធមិត្តរបស់ខ្លួន ដូចជាកូរ៉េខាងជើងមិនអាចជួយទីក្រុងមូស្គូ ក្នុងសង្គ្រាមប្រឆាំងនឹងអ៊ុយក្រែនបាន ខណៈដែលបណ្ដាប្រទេសលោកខាងលិចអះអាងពីសិទ្ធិរបស់ខ្លួនជួយដល់ក្រុងគីវ។
លោក Vassily Nebenzia បានប្រឈមជាមួយនឹងការតវ៉ាដោយផ្ទាល់ នៅឯកិច្ចប្រជុំក្រុមប្រឹក្សាសន្តិសុខ ពីសំណាក់សហរដ្ឋអាមេរិក អង់គ្លេស កូរ៉េខាងត្បូង អ៊ុយក្រែន និងប្រទេសដទៃទៀត ដែលប្រទេសទាំងអស់នោះបានចោទប្រកាន់រុស្ស៊ីថា បានរំលោភលើសេចក្តីសម្រេចរបស់ UN និងធម្មនុញ្ញរបស់ UN ដែលត្រូវបានបង្កើតឡើង ដោយការដាក់ពង្រាយកងទ័ពពីកូរ៉េខាងជើង ដើម្បីជួយទីក្រុងមូស្គូ។
គួររបញ្ជាក់ថា រដ្ឋមន្ត្រីការពារជាតិអាមេរិក លោក Lloyd Austin កាលពីថ្ងៃពុធ (ទី៣០ ខែតុលា) បាននិយាយថា ទាហានកូរ៉េខាងជើងប្រហែល ១០.០០០នាក់ បានស្ថិតនៅភាគខាងកើតប្រទេសរុស្ស៊ីរួចហើយ ហើយទំនងជាថា ពួកគេនឹងត្រូវបានប្រើប្រាស់ដើម្បីគាំទ្រដល់ប្រតិបត្តិការប្រយុទ្ធ នៅក្នុងតំបន់ Kursk របស់រុស្ស៊ី នៅជិតព្រំដែនជាមួយប្រទេសអ៊ុយក្រែន។
តែតំណាងរបស់រុស្ស៊ី លោក Nebenzia បាននិយាយថា អន្តរកម្មយោធារបស់រុស្ស៊ីជាមួយកូរ៉េខាងជើង មិនបំពានច្បាប់អន្តរជាតិនោះទេ។
លោក Nebenzia បានលើកឡើងថា៖ «ទោះបីជាអ្វីគ្រប់យ៉ាងដែលត្រូវបាននិយាយអំពីកិច្ចសហប្រតិបត្តិការ រវាងរុស្ស៊ី និងកូរ៉េខាងជើង ដោយសហការីលោកខាងលិចរបស់យើង គឺជាការពិត មូលហេតុគឺថា សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្ត កំពុងព្យាយាមធ្វើឲ្យប្រាកដចំពោះអ្នកគ្រប់គ្នានូវភាពសមហេតុសមផលដ៏ខ្សោយ ដែលពួកគេមានសិទ្ធិជួយរបបរបស់លោក Volodymyr Zelenskyy។ ហើយសម្ព័ន្ធមិត្តរុស្ស៊ីមិនមានសិទ្ធិធ្វើរឿងស្រដៀងគ្នានេះបានទេ»៕