អ្នកនាំពាក្យសេតវិមាន លោកស្រី Karine Jean-Pierre កាលពីថ្ងៃពុធ (ទី៣០ ខែតុលា) បានប្រាប់អ្នកសារព័ត៌មាន ប្រធានាធិបតីអាមេរិក លោក Joe Biden នឹងចូលរួមពិធីស្បថចូលកាន់តំណែងប្រធានាធិបតីអាមេរិកបន្ទាប់ នៅខែមករា ដោយមិនខ្វល់ថា បេក្ខជនរូបណាជាអ្នកឈ្នះការបោះឆ្នោតថ្ងៃទី៥ ខែវិច្ឆិកានោះឡើយ ហើយរូបលោកប្តេជ្ញាថា នឹងផ្ទេរអំណាចដោយសន្តិវិធី។
លោកស្រី Jean-Pierre បាននិយាយថា៖ «លោកប្រធានាធិបតីជឿជាក់លើការផ្ទេរអំណាចដោយសន្តិវិធី ហើយនោះជាអ្វីដែលអ្នកនឹងឃើញប្រធានាធិបតីរូបនេះធ្វើ។ វាមិនពាក់ព័ន្ធនឹងរូបគាត់ទេ។ តែវាពាក់ព័ន្ធនឹងប្រជាជនអាមេរិកទាំងអស់។ នោះជាអ្វីដែលប្រជាជនអាមេរិកចង់ឃើញ ដោយមិនគិតថា អ្នកណាឈ្នះឡើយ»។
អ្នកស្រីបានបន្ថែមថា «គាត់ប្រាកដជានឹងចូលរួមនៅក្នុងពិធីនោះ» ដោយកត់សម្គាល់ថា គ្រប់ប្រធានាធិបតីជិតផុតអាណត្តិ បានចូលរួមជាទៀងទាត់ ក្នុងពិធីស្បថរបស់អ្នកស្នងតំណែងរបស់ពួកគេ។
តែយ៉ាងណាក្ដី លោកស្រីមិនបានលើកឡើងពីការសម្រេចចិត្តរបស់អតីតប្រធានាធិបតី លោក Donald Trump របស់គណបក្សសាធារណរដ្ឋ ដែលមិនចូលរួមក្នុងពិធីស្បថរបស់លោក Biden នៅខែមករា ឆ្នាំ២០២១ ឡើយ។ នាពេលនោះ លោក Trump និងភរិយារបស់លោក លោកស្រី Melania បានចាកចេញពីសេតវិមាន មុនពេលពិធីស្បថរបស់លោក Biden ដោយរំលងការស្វាគមន៍ជាប្រពៃណីដល់អ្នកស្នងតំណែងបន្ទាប់ នៅវិមានប្រធានាធិបតី៕