អ្នកនាំពាក្យក្រសួងការបរទេសរុស្ស៊ីអ្នកស្រី Maria Zakharova បានច្រានចោលការអះអាងពីទីក្រុងឡុងដ៍ដែលថា រុស្ស៊ីវាយប្រហារដោយអចេតនាលើហេដ្ឋារចនាសម្ព័ន្ធកំពង់ផែអ៊ុយក្រែន នៅសមុទ្រខ្មៅ ដែល គំរាមកំហែងដល់សន្តិសុខស្បៀងអាហារពិភពលោក គឺគ្មានមូលដ្ឋានទាំងស្រុង។
អ្នកស្រី បាននិយាយក្នុងអំឡុងសន្និសីទមួយថា៖«ការផ្ទុះកំហឹងដោយគ្មានមូលដ្ឋានកាន់តែខ្លាំងពីទីក្រុងឡុងដ៍ គ្រាន់តែបង្ហាញពីតួនាទីសកម្មរបស់ចក្រភពអង់គ្លេស ក្នុងការផ្គត់ផ្គង់អាវុធដល់ទីក្រុងគីវតាមរយៈច្រករបៀងគ្រាប់ធញ្ញជាតិសមុទ្រខ្មៅ»។
អ្នកស្រី Zakharova បានរំលឹកថា នាពេលថ្មីៗនេះ ក្រសួងការពារជាតិរុស្ស៊ី បានចេញផ្សាយ«វីដេអូភ័ស្តុតាងនៃទំនិញយោធា នៅក្នុងកំពង់ផែ Yuzhny ក្នុងតំបន់ Odessa» ។ អ្នកស្រី បានបន្ថែមថា៖«ការបដិសេធរបស់ទីក្រុងឡុងដ៍ចំពោះការពិតនេះ គឺឥតប្រយោជន៍ទាំងស្រុង។ យើងបកស្រាយប្រតិកម្មដ៏ឈឺចាប់របស់ចក្រភពអង់គ្លេសថា ជាការបង្ហាញពីបំណងពិតរបស់ពួកគេទាក់ទងនឹងអ៊ុយក្រែន គឺការធានាសុវត្ថិភាពនៃការផ្គត់ផ្គង់ជំនួយដែលបង្កគ្រោះថ្នាក់ ដល់ទីក្រុងគីវ ជាជាងការពារការដឹកជញ្ជូនគ្រាប់ធញ្ញជាតិ»។
អ្នកនាំពាក្យរូបនេះ បានសង្កត់ធ្ងន់ថា ចក្រភពអង់គ្លេស «ច្បាស់ណាស់ថា មិនស្វែងរកដំណោះស្រាយចំពោះជម្លោះនេះទេ ហើយកំពុងខិតខំប្រឹងប្រែង ដើម្បីធ្វើឲ្យវាអូសបន្លាយពេលយូរ ដោយហេតុនេះហើយ បង្កការឈឺចាប់ដល់ប្រជាជនអ៊ុយក្រែនកាន់តែខ្លាំង»។